ពលរដ្ឋរិះគន់ អាជ្ញាធរ អត់អើពើ រឿងផ្លូវខូច ក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ! 

កណ្តាល៖ អនិច្ចាផ្លូវលំ ផ្លូវចូលវត្តក្របៅ ស្ថិតក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងរងការខួចខាតយ៉ាងធ្ងន់ធ្ងរខ្ទេចខ្ទីស្ទើរទាំងស្រុង ខណៈប្រជាពលរដ្ឋ សិស្សានុសិស្ស និងអ្នកធ្វើដំណើរនៅគ្នារអ៊ូរទាំថា តើថ្ងៃណា ខែណា ឆ្នាំណា ទើបអាជ្ញាធរសង្កាត់ ក្រុង និងខេត្ត ក្រសួងចុះមកធ្វើឲ្យបានស្អាត ងាយស្រួលធ្វើដំណើរ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងភូមិព្រែករាំង១ បានប្រាប់ឲ្យភ្នាក់ងារព័ត៌មាន យើងដឹងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះថា ផ្លូវនេះពីមុនគឺជាផ្លូវកៅស៊ូស្អាតណាស់ អ្នកភូមិ ក៏ដូចជាសិស្សានុសិស្ស និងអ្នកធ្វើដំណើរងាយស្រួលធ្វើដំណើរណាស់ អត់រលាក់ អត់ហ៊ុយ អត់ពិបាកអ្វីនោះទេ ស្រាប់តែប៉ុន្តែប្រហែលជា២ឆ្នាំចុងក្រោយនេះ ក្រោយពីមានក្រុមរថយន្តដឹកដី បើកបរឆ្លងកាត់ ដឹកដីធ្ងន់ៗ ចេញចូលៗ ក៏ផ្លូវនេះត្រូវបានរងគ្រោះខួចបន្តិចម្ដងៗរហូតខ្ទេចខ្ទីម៉ដ្ឋដូចខ្ទឹមបុកស្ទើរតែទាំងស្រុង ហើយពុំមានអស់លោក លោកស្រី អ្នកនាងកញ្ញាណា ក្នុងនាមអាជ្ញាធរមូលដ្ឋានប្រញាប់ប្រញាល់រួតរះចាត់ចែងជួសជុលកែលម្អឲ្យបានល្អស្រួលធ្វើដំណើរនោះទេ គឺបានត្រឹមសន្យា ហើយសន្យា សន្យាខ្យល់តែប៉ុណ្ណោះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៦ ខែឧសភានេះដដែល ភ្នាក់ងារព័ត៌មានយើង បានចុះមកដល់ទីតាំងផ្ទាល់ក៏ឃើញថា ផ្លូវនេះពិតជារងនូវការបំផ្លិចបំផ្លាញយ៉ាងអាសូរបំផុត ពិតអនិច្ចាផ្លូវលំ ផ្លូវកៅស៊ូនេះណាស់។ ហើយអ្វីដែលហួសថ្លែងនោះគឺផ្លូវនេះស្ទើរតែនៅជាប់នឹងចិញ្ចឹមរបងមន្ទីរសាធារណការនិងដឹកជញ្ជូនថ្មី ដែលលោក ម៉ឹង យូរឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនកំពុងកាន់អំណាច។

ប្រភពមួយផ្សេងទៀតបានខ្សឹបប្រាប់ថា ក្រុមរថយន្តទាំងនោះបានបង់ក្បាលឡានឲ្យមេសង្កាត់កំពង់សំណាញ់ បើពុំដូច្នេះ គេមិនឲ្យបើកបរដឹកដីគ្រួសថ្មខ្សាច់ចូលដែនអាណាចក្រគេឡើយ។

បើតាមលោក នូ សវណ្ណារ៉ា អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើង នៅមុននេះដែរថា ផ្លូវមួយខ្សែនេះ រដ្ឋបាលក្រុងមានគម្រោងពង្រីក សាងសង់ថ្មីហើយនៅក្នុងឆ្នាំនេះតែម្ដង គឺចាក់បេតុងឲ្យស្អាត ជាប់ មាំល្អដើម្បីធ្វើឲ្យបងប្អួនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងបងប្អូនកម្មកររោងចក្រ សិស្សានុសិស្ស អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋក៏បានសំនូមពរដល់ស្ថាប័នពាក់ព័ន្ធជាពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូន, រដ្ឋបាលខេត្តកណ្តាល, ក្រសួងសាធារណការនិងដឹកជញ្ជូនមេត្តាជួយអន្តរាគមន៍ឈូសឆាយសម្រួលឲ្យងាយស្រួលធ្វើដំណើរមួយអន្លើសិនមក ព្រោះថា ពួកគាត់តែងតែដួលក្នុងភក់ជ្រាំ ប្រឡាក់សម្លៀកបំពាក់ រងរបួសទៀតផង និងសំនូមពរឲ្យជួយចាត់វិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងចំពោះក្រុមរថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ទងនោះផង ព្រោះទីណាមានក្រិនរថយន្តដឹកដីថ្មគ្រួសខ្សាច់ គឺផ្លូវទីនោះពិតជារងនូវការខូចខាតខ្ទេចខ្ទីអស់គ្មានសល់ឡើយ ហើយក្រុមអស់លោកមិនទទួលខុសត្រូវឡើយ ហើយក៏ស្នើសុំដល់អាជ្ញាធរមូលដ្ឋានសុំមេត្តាកុំទទួលសំណូកពីក្រុមរថយន្តដឹកល្មើសច្បាប់ទាំងនោះធ្វើអ្វី កយំព្រោះតែផលប្រយោជន៍បន្តិចបន្តួចធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ របស់ប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close