ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ច បញ្ជាក់ថា មាន ករណីគ្រោះថ្នាក់ចរាចរណ៍ដែល បណ្ដាលឲ្យមនុស្សម្នាក់ស្លាបភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង នៅវេលាម៉ោង២១ និង២០នាទី ថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៧និងលេខ២៨ ស្ថិតនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងរវាងម៉ូតូ និងគោយន្តកន្ត្រៃ ដែលបណ្ដាលឱ្យអ្នកជិះម៉ូតូម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាកC១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1S.8346 ដែលបើកបរពីទិសខាងលិច ទៅទិសខាងកើត អ្នកបើកបរម៉ូតូឈ្មោះ យាន សុខឃាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលបើកបរម៉ូតូពីទិសខាងលិចទៅទិសខាងកើត បានបុកគោយន្តកន្រ្តៃយ៍ដឹកឈើគ្រឿងផ្ទះ ដែលចតនៅលើចិញ្ចើមផ្លូវបុកពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ(អ្នកបើកបរម៉ូតូ)នៅនឹងកន្លែង។
ដោយលែកម្ចាស់គោ យន្តមិនស្គាល់អត្តសញ្ញាណទេ ព្រោះក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោលឈឹងបន្សល់ទុក តែគោយន្តដឹកឈើនៅនឹងកន្លែង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះធ្វើការវាស់វែង យក ម៉ូតូ និងគោយន្តកន្រ្តៃយ៍ នាំយកមកប៉ុស្តិ៍នគរបាលឃុំក្បាលរមាសបានធ្វើកំណត់ហេតុ មករក្សាទុកនៅប៉ុស្តិ៍ ដើម្បីនីតិវិធី។រីឯកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ អ៊ុល គឹមលាង