របង វត្តមហាមន្ត្រី ក្លាយជាចំណតឡានតាក់ស៊ី យ៉ាងអនាធិបតេយ្យ បង្កការកកស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃ អភិបាល និង អធិការខណ្ឌ មើលអត់ឃើញ? 

ភ្នំពេញ៖ របងវត្តមហាមន្ត្រី ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៨៤ កែងផ្លូវលេខ១៧៣ មូលដ្ឋានសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង បានក្លាយជាចំណតឡានតាក់ស៊ីយ៉ាងអនាធិបតេយ្យ ជាយូរណាស់មកហើយ និង បង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ បើទោះបីជាអាជ្ញាធរធ្លាប់ចុះរៀបចំសណ្តាប់ធ្លាប់រាប់ភ្លេចក៏ដោយ ។

អ្នកយកព័ត៌មានអង្គភាពសារព័ត៌មាន បានចុះទៅផ្តិតរូបភាពផ្ទាល់តាមសំណូមពររបស់អ្នកធ្វើដំណើរ ដោយសង្កេតឃើញជាក់ស្តែង ថា ក្រុមអ្នករត់ឡានតាក់ស៊ី បានយករបងវត្តមហាមន្ត្រី ជាចំណតឡានឈប់ដាក់ភ្ញៀវ ទម្លាក់ភ្ញៀវ និង លើកដាក់ឥវ៉ាន់លើផ្លូវសាធារណៈ មិនខ្វល់ពីការកកស្ទះចរាចរណ៍ទាល់តែសោះ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនិងធ្វើដំណើរឆ្លងកាត់ បានលើកឡើងប្រាប់ ថា រាល់ថ្ងៃពេលធ្វើដំណើរថ្មើរជើងទៅទិញរបស់របរបន្តិចបន្តួចប្រើប្រាស់ប្រចាំថ្ងៃ តែងតែដើរលើផ្លូវអាទិភាពសម្រាប់យានយន្តជានិច្ច ព្រោះចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង ត្រូវបានក្រុមអ្នករត់រថយន្តឈ្នួលនិងរថយន្តផ្ទេរទំនិញ បានរំលោភយកចិញ្ជើមផ្លូវលើសពី១ភាគ៣ នៃចិញ្ជើមផ្លូវអស់ហើយ សម្រាប់ចតរថយន្តដូចដែលឃើញជាក់ស្ដែងស្រាប់ ។

ដូច្នេះប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសសាលាខណ្ឌបឹងកេងកង មេត្តាជួយមានវិធានការ ដើម្បីរំដោះចិញ្ជើមផ្លូវ រក្សាទុក អោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើថ្មើរជើងងាយស្រួលដើរនិងជនពិការងាយស្រួលធ្វើដំណើរផងដែរ ជៀសវាងការធ្វើដំណើរតាមផ្លូវដែលអាចបង្កជា គ្រោះថ្នាក់ហានិភ័យ ផ្សេងៗ-ល-៕

អត្ថបទដែលជាប់ទាក់ទង
Open

Close