ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) គឺជាកម្លាំងសរុបជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)  ក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសាអាហារសាមគ្គីជាមួយគ្រូពេទ្យសម្ដេចតេជោប្រឆាំង-១៩ នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ បានថ្លែងថា៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) គឺជាកម្លាំងសរុបជួយសង្គ្រោះជីវិតប្រជាពលរដ្ឋតាមរយ:ការអនុវត្តជាក់ស្ដែងនៅតាមគោលដៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ដោយមានការចូលរួមពីសប្បុរសជន កងកម្លាំង អាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធធ្វើឱ្យយើងទទួលបានភាពជោគជ័យមកដល់ពេលនេះ។

ឯកឧត្តមបណ្ឌិត សូមអរគុណក្រុមការងារ សប្បុរសជនកងកម្លាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកដែលពាក់ព័ន្ធដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហាលខ្យល់ ហាលភ្លៀង ហាលក្តៅ រហូតធ្វើឱ្យយើងទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ។ មិនតែប៉ុណ្ណោះ ការចូលរួមចំណែកនេះបានធ្វើឱ្យប្រទេសកម្ពុជាជាប់លំដាប់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិកនៅក្នុងការប្រកួតប្រជែងផ្នែកសន្តិសុខ និងសុខភាព។

ក្នុងនាម ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) សូមថ្លែងអំណរគុណ និងអបអរសាទរក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺ covid-19 បានជោគជ័យ ធ្វើឱ្យប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ទី២ក្នុងការគ្រប់គ្រងជំងឺcovid 19 បានល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ភាពជោគជ័យនេះមិនមែនជាការចៃដន្យនោះទេ គឺសម្ដេចតេជោ ហ៊ុន សែន មានយុទ្ធសាស្ត្រ និងការសម្រេចចិត្តច្បាស់លាស់ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសហើយទទួលបានប្រសិទ្ធភាពក្នុងការទប់ស្កាត់នៃការរីករាលដាលជំងឺកូវី-១៩ ខណៈដែលប្រទេសជឿនលឿនមួយចំនួនមិនបានចាក់វ៉ាក់សាំងគ្រប់នៅឡើយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close