អ្នកនេសាទម្នាក់ ត្រូវបានគេបើកទូកបុកស្លាប់ ចោលប្រពន្ធ និងកូនស្រីតូចៗ២នាក់ ខណៈប៉ូលិស ស្រុកសំបូរ ខេត្តក្រចេះអត់ហ៊ានចាប់ជនបង្ក ?
ខេត្តក្រចេះ៖ ពិតជារឿងអយុត្តិធម៌ណាស់សម្រាប់ក្រុមគ្រួសាររងគ្រោះនៅភូមិកំពង់រទេះ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលប្ដីរបស់គាត់ឈ្មោះ ឈ្មោះ កែវ បញ្ញា អាយុ ៣០ឆ្នាំ មុខរបរកសិករ ត្រូវបានគេបើកទូកអេវបំបុកបំបែកក្បាលជា២កំណាត់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅក្នុងទន្លេមេគង់ ស្ថិតនៅក្នុងភូមិកោះឥន្ទជ័យ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ កាលពីវេលាម៉ោង៨យប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។
បើតាមលោក កែវ ណាល់ ត្រូវជាបងប្រុសបង្កើតរបស់សពជនរងគ្រោះបានប្រាប់ឲ្យភ្នាក់ងារសារព័ត៌មានយើង អោយដឹងនៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះថា ប្អូនប្រុសរបស់គាត់ឈ្មោះ កែវ បញ្ញា អាយុ ៣០ឆ្នាំ មុខរបរកសិករ ត្រូវបានជនបង្កឈ្មោះ ជិន រិទ្ធី បើកទូកអេវបំបុកបំបែកក្បាលជា២កំណាត់ឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅក្នុងទន្លេមេគង់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិកោះឥន្ទជ័យ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
លោក កែវ ណាល់ បានបន្តឲ្យដឹងទៀតថា ករណីខាងលើនេះ គឺពិតជាអយុត្តិធម៌ណាស់ចំពោះសពប្អូនប្រុសនិងក្រុមគ្រួសាររបស់គាត់ ជាពិសេសប្រពន្ធនិងកូនស្រីតូចៗទាំង២នាក់របស់ប្អូនប្រុសគាត់ ដែលខាងសមត្ថកិច្ចជំនាញនៃអធិការដ្ឋានស្រុកសំបូរថា ជាករណីឧបទ្ទវហេតុ ហើយមិនហ៊ានចាប់ជនបង្កយកទៅផ្ដន្ទាទោសតាមច្បាប់នោះទេ ទុកឲ្យជនបង្កដើរពេញភូមិនិងចេញទៅនេសាទរាល់ថ្ងៃដូចអត់មានរឿងអ្វីកើតឡើង ដែលតាមពិតនេះជាករណីបើកបុកសម្លាប់យ៉ាងព្រៃផ្សៃបំផុត។ លោកបន្តទៀតថា មិនតែប៉ុណ្ណោះការស្លាប់របស់ប្អូនប្រុសគាត់ ត្រូវបានក្រុមគ្រួសារជនបង្កឲ្យសមត្ថកិច្ចនៃអធិការស្រុកសំបូរជួយសម្របសម្រួលសងតែ៤លានរៀលនោះទេ។
បងប្រុសបង្កើតរបស់សពជនរងគ្រោះ បានចោទសួរថា តើហេតុអ្វីករណីបុកមនុស្សឲ្យស្លាប់ ទាំងស្ថាប័នសមត្ថកិច្ចនិងអយ្យការសាលាដំបូងខេត្តក្រចេះមិនមានវិធានការផ្លូវច្បាប់ចំពោះជនបង្កដែលបង្កធ្វើឲ្យបាត់បង់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ឬមួយការមានអាថ៌កំបាំងនៅពីក្រោយ?
បើយោងតាមប្រភពផ្សេងទៀត បានខ្សឹបឲ្យបណ្ដាញសារព័ត៌មាន អោយដឹងបន្ថែមទៀតថា ករណីនេះគេដាក់ការសង្ស័យថា មានឈ្មោះ ហៀប មេខ្លោងរកស៊ីនេសាទខុសច្បាប់ ជាអ្នកមានលុយ និងជាអ្នកនៅពីក្រោយចាំជួយការពារជនបង្ក។
អង្គភាពសារព័ត៌មាន នឹងផ្សាយលម្អិត ជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយពី អាជ្ញាធរ សមត្ថកិច្ច ឬ សាម៉ីភាគី ពាក់ព័ន្ធទាំងអស់។