ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តយសសូមបកស្រាយបំភ្លឺជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ បានបញ្ចេញមតិក្នុងប្រអប់សារផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ដោយមានខ្លឹមសារថា “សូមគោរពដល់ លោកស្នងការខេត្តកណ្តាល សូមមេត្តាជួយមានវិធានការចំពោះ សិប្បកម្មផ្សារដែកមួយកន្លែង នៅក្នុងទីក្រុង ទីប្រជុំជន ជាប់សាលារៀនរំលងតែមួយផ្ទះទេ ដែលមាន ទីតាំងនៅក្បែរសាលារៀនខ្មែរចិនហ៊ុនសែន ហេងតុង ពិតជាមានការរំខានខ្លាំងណាស់ ដោយសារតែសំឡេងកាត់ដែក ឆាបដែក ផ្សារដែក និងសំឡេងម៉ាស៊ីនបាញ់ថ្នាំ ព្រមទាំងក្លិនផងដែរ ដែលធ្វើសកម្មភាព រាល់ថ្ងៃគ្មាន ម៉ោងសម្រាក ថ្ងៃសម្រាកសូម្បីតែថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យក៏នៅតែធ្វើសកម្មភាពដែរ ដោយមិនគិតថាសិប្បកម្មផ្សារដែកដែលមានការរំខានគេគឺតម្រូវអោយបើកនៅក្រៅក្រុង ឬកន្លែងស្ងាត់គ្មានផ្ទះប្រជាជនរស់នៅកុះករឡើយ។ ហើយសំឡេងរំខាននេះ បានធ្វើឲ្យអ្នករស់នៅជុំវិញ មិនថាក្រុមគ្រួសារខ្ញុំ សិស្សានុសិស្ស មនុស្សចាស់ជរា ក្មេងៗតូចៗ និងអ្នកលក់ដូរក្បែរនោះ មិនអាចទ្រាំទទួលយកបានតទៅទៀតទេ ពិតជាថ្លង់និងរំខានខ្លាំងណាស់ ហេតុដូចនេះហើយសូមលោកស្នងការមេត្តាជួយសម្រួលដោយក្តីអនុគ្រោះផង។ សូមអរគុណ” ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម ក្រុមការងារប្រតិកម្មរហ័សខេត្ត ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោស្នងការ ចាត់ឲ្យលោកអធិការនគរបាលក្រុងតាខ្មៅ ចំណាត់ការឆ្លើ់យតបករណីខាងលើ។
ជាលទ្ធផល៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោកអធិការបានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ សហការជាមួយនឹងលោកប្រធានភូមិតាខ្មៅ៣ ចុះទៅដល់ទីតាំងដែលបានរាយការណ៍ខាងលើ ស្ថិតនៅក្នុងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងបានឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាដើម្បីកំណត់ពេលវេលាចំពោះការផ្សារដែកឲ្យបានច្បាស់លាស់ ព្រមទាំងបិទបាំងការពារក្លិនបាញ់ថ្នាំ ជៀសវាងមានការរំខាន និងក្លិនថ្នាំប៉ះពាល់ដល់អ្នកជិតខាង ហើយម្ចាស់ទីតាំងក៏យល់ព្រមឯកភាពជាមួយនឹងក្រុមការងាររបស់យើងផងដែរ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕