ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ការជួបជុំសប្បាយរីករាយ និងឱកាសធ្វើបុណ្យធ្វើទាន គឺជាផ្លែផ្កានៃការអនុវត្តមាគ៌ានយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា!

ខេត្តកំពង់ចាម ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធី សម្ពោធឆ្លងមហាកុដិភ្លោះ និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានថ្លែងថា ៖ ការជួបជុំសប្បាយរីករាយ និងឱកាសធ្វើបុណ្យធ្វើទាន ក៏ដូចជាការកសាងសមិទ្ធផលនានារួមគ្នា ដែលយើងកំពុងចូលរួមអបអរសាទរនាពេលនេះ គឺជាផ្លែផ្កានៃការអនុវត្តមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលតាំងពីដើមរៀងមកតែងតែឈរនៅក្បែរប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជននៅក្នុងគ្រប់កាលៈទេសៈ ទាំងក្នុងបុព្វហេតុរំដោះជាតិ, ការពារជាតិ, ស្តារកសាងជាតិ, អភិវឌ្ឍជាតិ និងធានានរន្តរភាពនៃសន្តិភាពសម្រាប់ជាតិ។ ការដឹកនាំដោយធម៌ គឺសំខាន់ណាស់។ រាជរដ្ឋាភិបាលសព្វថ្ងៃ ដឹកនាំដោយផ្អែកលើគោលការណ៍នេះ សំដៅយ៉ាងណាឱ្យប្រជាពលរដ្ឋចេះរស់នៅដោយធម៌, ចេះគោរពគ្នា, ចេះស្រឡាញ់គ្នា, ចេះជួយយកអាសារគ្នា, មានគុណធម៌, មានសីលធម៌។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា ការរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ក្នុងរយៈកាលជាង ៤០ ឆ្នាំ ក៏ដូចជាការបង្កើត និងថែរក្សាសន្តិភាពពេញលេញជាង ២០ឆ្នាំ កន្លងមកនេះ និងការរួមសុខរួមទុក្ខជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងគ្រប់កាលៈទេសៈគ្រោះថ្នាក់ ក៏ដូចជាការបង្កើតនិងធានានិរន្តភាព នៃឱកាសសម្រាប់បន្តអភិវឌ្ឍ គឺជាសមិទ្ធផលដ៏ធំធេងបំផុត ដែល គណបក្សប្រជាជនកម្ពុជា បានបន្សល់ទុកសម្រាប់ប្រជាជនកម្ពុជាក្នុងជំនាន់នេះ និងអ្នកជំនាន់ក្រោយៗតទៅទៀត។ មួយវិញទៀត សមិទ្ធផលទាំងនេះ ក៏ជាផ្នែកមួយនៃការចូលរួមចំណែករបស់មិនអាចខ្វះបានរបស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ តាមរយៈការបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទូន្មានកូនចៅ និងបញ្ជូនពួកគាត់ឱ្យទៅសាលារៀនដើម្បីឱ្យពួកគាត់ក្លាយខ្លួនជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិ និងស្មារតី ទទួលខុសត្រូវលើជោគវាសនាខ្លួនឯង គ្រួសារ សង្គមជាតិ និងចូលរួមកសាងជាតិ ថែរក្សាការពារសន្តិភាព និងសមិទ្ធផលជាតិ និងខិតខំបំពេញកាតព្វកិច្ចជាពលរដ្ឋល្អតាមតួនាទីរៀងៗខ្លួន ជាពិសេសការចូលរួមជ្រើសរើសអ្នកដឹកនាំប្រទេសបានត្រឹមត្រូវ។

ឆ្លៀតក្នុងឳកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមសម្តែងនូវមោទនភាពចំពោះការរីកចម្រើនជាលំដាប់របស់វត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ដែលត្រូវបានចាប់ផ្តើមកសាងនៅក្នុងឆ្នាំ១៩១៨ សម័យអាណានិគមនិយមបារាំង ដោយមានអាយុកាលប្រមាណ ១០៤ ឆ្នាំមកហើយ ប៉ុន្តែត្រូវបានបំផ្លិចបំផ្លាញស្ទើរខ្ទេចខ្ទីអស់ក្នុងរបបខ្មែរក្រហម ហើយនៅក្រោយការរស់រានឡើងវិញក្នុងឆ្នាំ១៩៧៩ សមិទ្ធផលជាច្រើនត្រូវបានកសាងឡើងវិញជាបន្តបន្ទាប់ទៅតាមដំណាក់កាល និងសូមចូលរួមអនុមោទនាត្រេកអរចំពោះការសម្ពោធឆ្លងក្នុងឱកាសនេះនូវមហាកុដិភ្លោះ ព្រមទាំងសមិទ្ធផលនានាជាច្រើនទៀត សម្រាប់បម្រើឱ្យសេចក្តីត្រូវការធ្វើបុណ្យទានរបស់លោកយាយលោកតា អ៊ំពូមីងបងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្ត និងដែលមកពីទីជិតឆ្ងាយ។ទីវត្តអារាម ជាកន្លែងប្រមូលផ្តុំពុទ្ធសាសនិកជន ដែលមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនា សម្រាប់ជួបជុំធ្វើបុណ្យទានបំពេញកុសល, ជាទីពំនាក់អាស្រ័យសម្រាប់អ្នកគ្មានទីពឹងបង្អែក, ជាទីស្នាក់អាស្រ័យរបស់សិស្សានុសិស្សជាកូនចៅរបស់ប្រជាពលរដ្ឋក្រីក្រ, ជាទីបង្អែកខាងផ្លូវចិត្ត, ជាឃ្លាំងផ្ទុកចំណេះដឹង, ជាបណ្ណាល័យ និងជាសារមន្ទីរនៃវប្បធម៌និងអក្សរសាស្រ្តជាតិនាគ្រប់សម័យកាល…។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងអ្នកស្រុកកំពង់សៀមផ្ទាល់ ដែលតែងជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល និងបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ក្នុងគ្រប់ការបោះឆ្នោតកន្លងមក។

អត្ថបទដែលជាប់ទាក់ទង
Open

Close