ទីបំផុត! អភិបាលបណ្តោះអាសន្ន ប្រកាសថា អតិថិជនទាំងអស់នៃក្រុមហ៊ុន Opennet ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន Ezecom Co., Ltd របស់អ្នកឧកញ៉ា គិត ម៉េង!
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែឧសភា២០២២ នេះ អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) បានប្រកាសជាផ្លូវការថា អតិថិជនទាំងអស់របស់កូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន Ezecom Co., Ltd ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ការប្រកាសនេះ គឺដោយយោងតាមកិច្ចព្រមព្រៀងនៅថ្ងៃទី៥ ខែឧសភានេះ រវាងអភិបាលបណ្តោះអាសន្ននៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ជាមួយនឹងក្រុមហ៊ុន Ezecom Co., Ltd។
ជាមួយគ្នានេះ ការសម្រេចដូចនេះ គឺដោយយោងតាមសំណុំរឿងរដ្ឋប្បវេណីលេខ ២៧៦ ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ, ដីកាសម្រេចបើកសំណុំរឿងក្ស័យធនលេខ ៥១ “ធ”រ.វ ចុះថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូង រាជធានីភ្នំពេញ, ដីកាសម្រេចតែងតាំងអភិបាលបណ្តោះអាសន្នលេខ ៥២ “ធ”រ.វ ចុះថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ និងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ រវាងអភិបាលបណ្តោះអាសន្ន និង ក្រុមហ៊ុន Ezecom Co., Ltd។
សូមបញ្ជាក់ថា ក្រុមហ៊ុន Opennet បានជួបបញ្ហាបំណុលមិនអាចដោះស្រាយបាន ទើបក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែងតាំងឲ្យអភិបាលបណ្តោះអាសន្ន ដើម្បីគ្រប់គ្រងបន្តលើក្រុមហ៊ុននេះ។ ប៉ុន្តែពេលនេះ ត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង ជាអ្នកគ្រប់វិញជំនួសវិញ៕