ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ អំណោយផល នៃសុខសនិ្តភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច បានជំរុញឱ្យរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អាចគ្រប់គ្រងដំណើរការប្រទេស ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល!
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការសមាគមសិស្ស-និស្សិត អាហារូបករណ៍សមេ្ដចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយស និងថ្នាក់វេជ្ជបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានថ្លែងថា ៖ អំណោយផល នៃសុខសនិ្តភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច បានជំរុញឱ្យរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អាចគ្រប់គ្រងដំណើរការប្រទេសប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមជាមួយនឹងការកំណត់ចក្ខុវិស័យយ៉ាងច្បាស់លាស់សម្រាប់អនាគតទៅមុខ ហើយដែលសំខាន់ជាក់ស្តែង គឺបានធ្វើឱ្យប្រជាជនមានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជាការពិត ការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ គឺជាការសង្គ្រោះទាំងផ្លូវកាយ និងផ្លូវចិត្ត តាមរយៈការផ្តល់នូវអារម្មណ៍កក់ក្តៅ លែងភ័យខ្លាចព្រួយបារម្ភ និងមិនបាក់ទឹកចិត្ត។ ជោគជ័យនេះ មិនអាចកើតឡើងដោយចៃដន្យនោះទេ ជាក់ស្តែងណាស់ នេះគឺជាការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់ សម្តេចតេជា នាយករដ្ឋមន្ត្រី ដោយមានការចូលរួមរបស់មន្ត្រីរាជការ កងទ័ពអាវស និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយវិញគ្នាជាធ្លុងមហាសាមគ្គីប្រយុទ្ធក្នុងសង្គ្រាមមេរោគរាតត្បាតដ៏កាចសាហាវមួយនេះ រហូតនាំកម្ពុជាឱ្យឈរក្នុងចំណាត់ថ្នាក់ខ្ពស់ក្នុងពិភពលោក ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្តារខ្លួនងើបចេញពីជំងឺ Covid-១៩ លឿនជាងគេ ទាំងលើទិដ្ឋភាពបង្ការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាតត្បាត ក៏ដូចជាការគ្រប់គ្រង និងសារផ្តល់ប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ច។ បច្ចុប្បន្ន យើងក៏កំពុងដើរឈានមកដល់ភាពស្វ័យម្ចាស់ការលើគ្រប់គ្រងជំងឺកូវីដ-១៩ និងការរៀនរស់នៅស្របតាមគន្លងប្រក្រតីភាពថ្មី ដោយមានការគាំទ្រ និងការចូលរួមយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងនាមជាអ្នកជាអ្នកទទួលផលផង និងជាប្រតិបត្តិករផង។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមសម្តែងនូវមោទនភាពចំពោះវឌ្ឍនភាពជាលំដាប់របស់សាកលវិទ្យាល័យអន្តរជាតិក្នុងរយៈកាល២០ឆ្នាំកន្លងមកនេះ ទាំងផ្នែកធនធានមនុស្ស និងហេរដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ ពិសេសបានអប់រំបណ្តុះបណ្តាលធានធានមនុស្សប្រកបដោយគុណវុឌ្ឍិ សមត្ថភាព សម្បទាវិជ្ជាជីវៈគ្រប់គ្រាន់ និងក្រមសីលធម៌វិជ្ជាជីវៈ បម្រើឱ្យតម្រូវការក្នុងវិស័យសុខាភិបាល ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងចាត់ទុកជាវិស័យអាទិភាពមួយ ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ និងសុខុមាលភាពកាន់តែប្រសើរតាមរយៈការទទួលបាននូវសេវាសុខភាពគ្រប់ជ្រុងជ្រោយ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ ជាការពិតណាស់ ការបណ្តុះបណ្តាលផ្នែកសុខាភិបាល គឺទាមទារឱ្យមានភាពច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត ព្រោះវិជ្ជាជីវៈសុខាភិបាល គឺជាជំនាញវិជ្ជាជីវៈដ៏ពិសេសមួយ ដែលទាក់ទងនឹងការស្លាប់រស់របស់អាយុជីវិតមនុស្ស។
នាឳកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរចំពោះ និស្សិតជ័យលាភីទាំងអស់ ដែលបានតស៊ូខិតខំប្រឹងប្រែងព្យាយាមយកចិត្តទុកដាក់រៀនសូត្រ រហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ និងដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ ព្រមជាមួយនឹងក្តីសង្ឃឹមយ៉ាងមុតមាំថា ជ័យលាភីទាំងអស់នឹងប្រើប្រាស់ចំណេះជំនាញដែលទទួលបានពីការសិក្សា ចូលរួមបម្រើដល់វិស័យសុខាភិបាលទាំងផ្នែកឯកជន និងផ្នែកសាធារណៈ ដើម្បី លើកកម្ពស់សុខភាពរបស់ប្រជាជនយើងឱ្យកាន់តែល្អប្រសើរ ព្រោះសុខភាព គឺជាទ្រព្យធនដ៏មានតម្លៃបំផុតនៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ, ការកាត់បន្ថយភាពក្រីក្រ និងការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យអន្តរជាតិ ដែលតែងតែផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំដល់សមាគមសិស្ស-និស្សិត អាហារូបករណ៍សមេ្ដចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) ចាប់តាំងពីឆ្នាំ២០០៩ មក ដែលនេះគឺជាការចូលរួមផ្តល់លទ្ធភាពជូន សម្តេចទាំងពីរ នៅក្នុងការបែងចែកអាហារូបករណ៍ទាំងនោះដល់និស្សិតក្រីក្រ ដើម្បីទទួលបានឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅក្នុងសាកលវិទ្យាល័យនេះ និងសូមកោតសរសើរផងដែរចំពោះនិស្សិតស្ម័គ្រចិត្តនៃសាកលវិទ្យាល័យអន្តរជាតិ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនានា នៅក្នុងការបំពេញកិច្ចការសង្គម និងមនុស្សធម៌ ជាពិសេសនៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ០២ កន្លងនេះ ដែលជាកាលៈទេសៈដែលជាតិកំពុងត្រូវការបំផុតនូវការចូលរួមរបស់យុវជន ដែលជាកម្លាំងស្នូល។