លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជួបសំណេះសំណាល និងសួរសុខទុក្ខមនុស្សចាស់នៅអង្គការមូលនិធិកុមារកម្ពុជា(CFF) ស្ទឹងមានជ័យ ក្រោយស្ថានភាពជំងឺកូវីដ-១៩ បានធូស្រាល
ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនលោកយាយ លោកតាអ៊ុំពូមីង ដែលជាមនុស្សចាស់ក្នុងកម្មវិធីមនុស្សចាស់របស់អង្គការមូលនិធិកុមារកម្ពុជានៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តបណ្ឌិត ជូនលោកយាយ លោកតា អ៊ុំ ពូ មីង ដែលជាមនុស្សចាស់ក្នុងកម្មវិធីមនុស្សចាស់របស់អង្គការមូលនិធិកុមារកម្ពុជា។ លោកស្រី បញ្ជាក់ថា លោកទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុកតម្រូវការការរស់នៅបារម្ភចំពោះសុខភាពរបស់លោកយាយ លោកតា អ៊ុំ ពូ មីងជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩។
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តបណ្ឌិត បានបារម្ភ និងគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពប្រជាពលរដ្ឋ ក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ការរៀបចំមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ និងវិធានការផ្សេងៗទៀតដែលធ្វើឲ្យស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ មានលក្ខណៈធូរស្រាលដូចសព្វថ្ងៃនេះ។
សូមបញ្ជាក់ថា កម្មវិធីមនុស្សចាស់របស់អង្គការមូលនិធិកុមារកម្ពុជាមានចំនួន៨៥នាក់ ដែលកម្មវិធីនេះជួយដល់មនុស្សចាស់នៅក្នុងសហគមន៍ស្ទឹងមានជ័យ តាមរយៈការឧបត្ថម្ភថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ ប្រចាំសប្តាហ៍ និងការផ្ដល់ជូននូវការព្យាបាលដោយឥតគិតថ្លៃ។ ក្រៅពីនោះ លោកយាយ លោកតា អ៊ុំពូមីងនៅក្នុងកម្មវិធីមនុស្សចាស់នេះក៏ទទួលបានការឧបត្ថម្ភជាថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតតាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នីនាពេលកន្លងមកផងដែរ៕