ពលរដ្ឋ​ Comment ចូល​ផេក​ សម្ដេច​តេជោ ​ថា​ ​ខ្វះឯក​សារ​បន្ដិច​បន្តួច​មិន​ធ្វើ​សៀវភៅ​ស្នាក់​ឲ្យ​ បើ​ធ្វើថ្លៃ​សេវា​ ៨០​ម៉ឺន​ ១លាន​ ទៅ​ ២លាន​រៀល​ តែ អធិការ​ខណ្ឌ​ឬស្សីកែវ​ ថា​…!

ភ្នំពេញ​៖​ ប្រជាពលរដ្ឋរស់នៅម្តុំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌ​ឬស្សីកែវ​ ដែលម្ចាស់គណីហ្វេសប៊ុកឈ្មោះ Les Sor បានផ្ញើសារចូលផេកសម្តេច​តេជោ​ បាន​លើក​ឡើងថា​ «សម្តេចជាទីគោរព​ ខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិសាមគ្គីសង្កាត់ឫស្សីកែវ​ ជិតឃ្លាំងសាំងសូគីមិច សុំសំនូមពរ អោយសម្ដេចជួយផង សុំសម្ដេចជួយអោយខាង មេបុស្តិ៍ ចៅសង្កាត់មេត្តាជួយសំរួលធ្វើសៀវភៅ ស្នាក់នៅអោយប្រជាពលរដ្ឋបានគ្រប់ៗគ្នាផង ដោយសារប្រជាពលរដ្ឋខាងខ្ញុំមានការលំបាកណាស់ក្នុងការទៅធ្វើសៀវភៅស្នាក់នៅ ព្រោះតែខ្វះឯកសារបន្តិចបន្តួចទើបខាងបុស្តិ៍មិន ធ្វើអោយ តែបើចង់ធ្វើគឺត្រូវរត់ការ ដែលតម្លៃ រត់ការដើម្បីបានសៀវភៅស្នាក់នៅគឺចំណាយ ពី80ម៉ឺន មួយលាន ទៅមួយលាន2សែន ទើប​គេព្រមធ្វើអោយ។ ហេតុនេះខ្ញុំសូមសម្ដេចជួយ មេត្តាអោយមន្ត្រីថ្នាក់លើសង្កាត់មេត្តាចុះជួយ សំរួលការលំបាកដល់ប្រជាជនយើងខ្ញុំផង ព្រោះ ពួកខ្ញុំត្រូវការប្រើ ធ្វើអត្តសញ្ញាណប័ន្ដ ចុះឈ្មោះ បោះឆ្នោតផង ។ ខ្ញុំអត់មានប្រើ3-4ឆ្នាំហើយ សូមថ្លែងអំនរគុណ និងសូមជូនពរសម្តេចអោយ មានអាយុយឺនយូរ​» ។

ពាក់ព័ន្ធ​ករណី​ ខាងលើ​នេះ​ដែរ​ បើយោង​តាម​ផេក​ហ្វេសប៊ុក​ផ្លូវ​ការ​ របស់​អធិការ​រដ្ឋាន​នគរបាល​ខណ្ឌ​ឬស្សីកែវ​ នៅ​រសៀល​ថ្ងៃទី​ ៣​ ខែ​ឧសភា​ ឆ្នាំ​២០២២នេះ​បាន​ លើកឡើង​ថា​ សូមជម្រាបជូន ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌឫស្សីកែវទាំងអស់ មេត្តាជ្រាបថា៖ គ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបើកបម្រើសេវាសាធារណៈ ដូចជា ធ្វើសៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជារៀងរាល់ថ្ងៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌឫស្សីកែវ។

ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញផ្នែកអត្តសញ្ញាណម្ម-ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងកម្លាំងការិយាល័យគ្រប់គ្រងការស្នាក់នៅ ព្រមទាំងមានការចូលរួមពី មន្រ្តីរដ្ឋបាលខណ្ឌឫស្សីកែវ និងរដ្ឋបាលសង្កាត់ទាំង៧ ចុះជំរុញធ្វើសៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ(ក៤) ជូនប្រជាពលរដ្ឋដោយផ្ទាល់ដល់ភូមិ តាមសង្កាត់ទាំង៧ ក្នុងខណ្ឌឫស្សីកែវ កាលពីថ្ងៃទី០៧ ខែមីនា ដល់ថ្ងៃទី០៧ ខែមេសាឆ្នាំ២០២២ ចំពោះមុខ ក្រុមការងារនឹងធ្វើការវាយតម្លៃ បើឃើញថាប្រជាពេលរដ្ឋតាមសង្កាត់ទាំង៧ ក្នុងខណ្ឌឫស្សីកែវ នៅពុំទាន់បានធ្វើនៅមានចំនួនច្រើន ក្រុមការងារនឹងរៀបចំចុះធ្វើបន្តជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន តាមទីតាំងក្នុងភូមិ តាមបុរី និងវត្តអារាម។

យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលខកខានពុំបានធ្វើ សូមអញ្ជើញទៅធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងសង្កាត់ដែលបងប្អូនរស់នៅ ឬអញ្ជើញទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ជួបជំនាញផ្នែកអត្តសញ្ញាណកម្ម ដើម្បីសួរព័ត៌មាន បំពេញបែបបទ ធ្វើផ្តល់សៀវភៅស្នាក់នៅ(ក២), សៀវភៅគ្រួសារ(ក៤), និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ចំពោះប្រជាពលរដ្ឋរស់នៅម្តុំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ដូចដែលម្ចាស់គណីហ្វេសប៊ុកឈ្មោះ Les Sor បានផ្ញើសារចូលផេកសម្តេច សូមយកឯកសារពាក់ព័ន្ធ អញ្ជើញមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ជួបជំនាញផ្នែកអត្តសញ្ញាណកម្ម ដើម្បីពិនិត្យឯកសារ និងបំពេញបែបបទ ផ្តល់សៀវភៅស្នាក់នៅ(ក២)ជូន ដោយពុំមានគិតថ្លៃសេវានោះទេ។

សូម​បញ្ជាក់​ថា​៖​ ការធ្វើសៀវភៅស្នាក់នៅ(ក២), សៀវភៅគ្រួសារ(ក៤), និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពុំមានគិតថ្លៃសេវានោះទេ។
-ចំពោះជនអន្តោប្រវេសន៍ សមត្ថកិច្ច មិនអាចធ្វើផ្តល់ជូនបានទេ។

យើងខ្ញុំក៏សូមអធ្យាស្រ័យប្រសិនបើមានការអាក់ខាន និងបម្រើសេវាជូនបងប្អូនពុំទាន់តម្រូវការជាក់ស្តែង ដោយកត្តាមូលហេតុផ្សេងៗ យើងខ្ញុំបាននឹងកំពុងបន្តបម្រើសេវាជូនបងប្អូនឱ្យកាន់តែល្អប្រសើរថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close