លោកមេប៉ុស្តិ៍ និង អធិការស្រុក អត់អើពើ ពលរដ្ឋប្តឹងចូលផេក ស្នងការ!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន និងគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា «ខ្ញុំបាទ សុំប្ដឹងពីល្បែងជល់មាន់ នៅភូមិពុកឬស្សីកណ្តាល ស្រុកខ្សាច់កណ្តាល និងតារាងបាល់ ប៊ូល ដែលនៅជិតផ្ទះខ្ញុំបាទតែងតែមានការរំខានក្នុងការរស់នៅរបស់ខ្ញុំដោយមានការឈ្លោះប្រកែកគ្នានៅតារាងបាល់ហើយម្ចាស់តារាងហ្នឹងធ្លាប់ធ្វើកិច្ចសន្យាជាមួយខាងប៉ូលីសម្ដងរួចហើយ នៅតែមានការរំខានកើតឡើងជាពិសេសនិងការ ជល់មាន់ហើយម្ចាស់តារាងបាល់ និងជាអាជ្ញាកណ្តាលជល់មាន់ និងជាអ្នកប្រមូលផ្ដុំមាន់ជល់ ហើយនិងបក្សពួក សូមលោកស្នងការមេត្តាជួយដោះស្រាយ និងចុះបង្ក្រាបឲ្យបានលឿនផង ជាពិសេសថ្ងៃសៅរ៍ ថ្ងៃអាទិត្យល្បែងជល់មាន់ទីតាំងនៅភូមិពុកឬស្សីកណ្តាល ក្រោយផ្សារពុកឬស្សីមានតារាងបាល់មួយ»។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោស្នងការ ចាត់ឲ្យលោកសេនីយឯក ម៉ែន សុខឃឿន អធិការ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផល៖នៅថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង១៣និង៣០នាទី លោកអធិការ បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឫស្សី ចុះស្រាវជ្រាវបង្រ្កាបដល់ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ខាងលើ តែពេលសមត្ថកិច្ចចុះទៅដល់ពុំមានឃើញមានលេងល្បែងស៊ីសងខុសច្បាប់ជល់មាន ឬលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនោះទេ ឃើញតែតារាងបាលទះ និងតារាងប៊ូល ដែលប្រជាពលរដ្ឋនៅក្បែរនោះលេងកីឡាដើម្បីសុខភាពតែប៉ុណ្ណោះ។

ជាចំណាត់ការ : កម្លាំងសមត្ថកិច្ចហៅម្ទាស់ទីតាំងខាងលើទៅធ្វើកិច្ចសន្យាអប់រំណែនាំ អោយបញ្ឈប់ការបើកផ្តល់ទីតាំងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងហាមដាច់ខាតការលេងកីឡាបាល់ទះ និងប៊ូល ឡូឡារំខានអ្នកជិតខាងបន្តទៅទៀត។

ចំពោះទីតាំងនេះ ជំនាញពាក់ព័ន្ធ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តល្បាតឃ្លាំងមើលជាប្រចាំ ប្រសិនប្រទះឃើញមានលួចលេងល្បែងស៊ីសងខុសច្បាប់នឹងបង្រ្កាបចាត់ការតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close