ផ្លូវទៅពន្ធដារខេត្តកណ្តាល ខូចខ្ទេចខ្ទី ខណៈមន្ត្រីជំនាញសាធារណការ និងដឹកជញ្ជូនក្រុង និងខេត្ត មើលអត់ឃើញ?

កណ្តាល៖ ប្រជាពលរដ្ឋនៅមូលដ្ឋានភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងអ្នកធ្វើដំណើររាប់រយពាន់នាក់ស្ទើរមិនចង់ជឿថា ផ្លូវ២០៦ ទៅពន្ធដារខេត្តកណ្ដាលស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលខូចខ្ទេចខ្ទីដូចផ្លូវចុះនរកយ៉ាងដូច្នេះឡើយ ខណៈមន្ត្រីជំនាញសាធារណការនិងដឹកជញ្ជូនក្រុង និងខេត្តមិនអើពើ មិនយកចិត្តទុកដាក់។

បើយោងតាមស្ថានភាពជាក់ស្ដែងដែល ភ្នាក់ងារព័ត៌មានយើង បានចុះថតផ្ដិតយកទាំងរូបភាព និងវិដេអូនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហាញឲ្យឃើញថា ពិតជាផ្លូវ២០៦ ចំណុចភ្ជាប់ពីផ្លូវជាតិលេខ២១ ទៅពន្ធដារខេត្តកណ្ដាលស្ថិតក្នុងភូមិ-សង្កាត់ខាងលើពិតជារងនូវការខូចខ្ទេចខ្ទីស្ទើទាំងស្រុងដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ សិស្សានុសិស្ស អ្នកធ្វើដំណើរទៅបង់ពន្ធមានការត្អូញត្អែរ និងហួសចិត្តពិតមែន ខណៈដែលផ្លូវនេះ ត្រូវបានគេរាយការណ៍ថា ពីមិនខូចតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែដោយសារការមិនបានយកចិត្តទុកដាក់ត្រឹមត្រូវ មិនបានថែទាំត្រឹមត្រូវ ទើបបណ្តាលឲ្យខូចជាច្រើនកន្លែងជាបន្តបន្ទាប់មកដល់បច្ចុប្បន្ននេះ។

ប្រភពព័ត៌មានបានខ្សឹបប្រាប់ឲ្យភ្នាក់ងារយើងដឹងថា បើរឿងប្រជាពលរដ្ឋសុំកាយផ្លូវបន្តិចបន្តួចដើម្បីតបណ្ដាញទឹកវិញ មន្ត្រីជំនាញសាធារណការនិងដឹកជញ្ជូន ជាពិសេសមន្ត្រីខាងក្រុងចុះទៅដល់ភ្លាម ហើយចាប់ផ្ដើមប្រើបបូរមាត់ដ៏ជំនាញរបស់គេដើម្បីបានខ្លាញ់ជ្រូកហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងប្រជាពលរដ្ឋ ទាំងសិស្សានុសិស្ស ក៏ដូចជាអ្នកធ្វើដំណើរបានសំនូមពរដល់ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលមេត្តាជួយអន្តរាគមន៍ឲ្យមន្ត្រីជំនាញរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនិងក្រុងតាខ្មៅជួយជួសជុលកែលម្អរផ្លូវខាងលើនេះឲ្យបានស្អាត ល្អ ស្រួលធ្វើដំណើរផង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close