អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី ៖ វីដេអូ ៣៣វិនាទី ជាកាត់ត សូមកុំមានការភាន់ច្រឡំ ចំពោះប្រសាសន៍លើកឡើង របស់ ឯកឧត្តមអភិបាលខេត្ត…!
ខេត្តមណ្ឌលគិរី៖ ក្រោយបែកធ្លាយ វីដេអូខ្លី មានថេរវេលា ៣៣ វិនាទី លើបណ្តាញសង្គម ធ្វើអោយអ្នកសារព័ត៌មាន មួយចំនួន ប្រតិកម្ម និង សម្តែងការមិនពេញចិត្ត ចំពោះប្រសាសន៍ លើកឡើង របស់ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ស្រាប់តែនៅថ្ងៃទី២៨ មេសា ២០២២ នេះ អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី ចេញសេចក្តីប្រកាសព័ត៌មាន មួយដែលមានខ្លឹមសារថា៖
សូមជម្រាបជូនដល់គ្រប់បណ្តាអង្គភាព និងភ្នាក់ងារសារព័ត៌មាន បណ្តាញសារព័ត៌មាន បណ្តាញទំនាក់ទំនងសង្គម និងសាធារណជនទាំងអស់ជ្រាបថា ៖ ថ្មីៗនេះ មានការកាត់ត និងចាក់ផ្សាយនូវប្រសាសន៍របស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីឧទ្យានុរក្ស នៅទីស្នាក់ការត្រពាំងឆ្មារ នៃដែនជម្រកសត្វព្រៃស្រែពក ស្ថិតក្នុងភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ កន្លងទៅ។ ការចាក់ផ្សាយនេះ បានធ្វើឱ្យគ្រប់បណ្តាញសារព័ត៌មាន បណ្តាញផ្សព្វផ្សាយ បណ្ដាញទំនាក់ទំនងសង្គម និងសាធារណជនមានការភាន់ ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំខេត្ត ។
នៅក្នុងប្រសាសន៍របស់ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពាក់ព័ន្ធតែបុគ្គលអ្នកសារព័ត៌មានមួយ ចំនួនតូចដែលមិនមានជំនាញវិជ្ជាជីវៈជាអ្នកសារព័ត៌មាន គ្មានលិខិតអនុញ្ញាតចេញដោយក្រសួងព័ត៌មាន ដែលតែងតែ បានចុះផ្សាយនូវព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ និងព័ត៌មានបែបញុះញង់តាមបណ្តាញសង្គម (ហ្វេសប៊ុក)។ ការណ៍នេះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ ដែលលោកបានខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្ត ក្នុងការគ្រប់គ្រង ដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធានាការពារនូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការអភិវឌ្ឍ។
អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគរី ស្វាគមន៍ជានិច្ច និងរីករាយក្នុងការសហការផ្ដល់ព័ត៌មាន គ្នាទៅវិញទៅមកជាមួយគ្រប់បណ្តាអង្គភាព និងភ្នាក់ងារសារព័ត៌មាន បណ្ដាញសារព័ត៌មាន បណ្តាញទំនាក់ទំនង សង្គមនានា ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍខេត្តមណ្ឌលគិរី។
អាស្រ័យហេតុនេះ សូមគ្រប់បណ្តាអង្គភាព និងភ្នាក់ងារសារព័ត៌មាន បណ្ដាញសារព័ត៌មាន បណ្តាញ ទំនាក់ទំនងសង្គម និងសាធារណជនទាំងអស់ជូនជ្រាប និងសូមកុំមានការភាន់ច្រឡំចំពោះប្រសាសន៍លើកឡើង របស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ។