មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទទួលជួបពិភាក្សាការងារជាមួយអគ្គសេនាធិការចម្រុះកងកម្លាំងស្វ័យការពារជប៉ុន
ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ (Yamazaki Koji) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ របស់គណៈប្រតិភូនៃកងកម្លាំងស្វ័យការពារជប៉ុននៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ មកកាន់កម្ពុជា និងបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះ នឹងផ្តល់នូវសន្ទុះថ្មីមួយទៀតនៃការបេ្តជ្ញាចិត្តរបស់ប្រទេសទាំងពីរកម្ពុជា-ជប៉ុន ក្នុងការជំរុញ និងលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំ។ ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានកត់សម្គាល់អំពីសារៈសំខាន់នៃការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាជាមួយគ្រប់បណ្តាប្រទេសជាមិត្ត រួមទាំងប្រទេសជប៉ុនផ្ទាល់ នៅក្នុងការចូលរួមចំណែកដល់ការពង្រឹងទំនុកចិត្តក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងប្រទេស និងប្រទេស ក៏ដូចជាប្រជាជន និងប្រជាជន។ ក្នុងន័យនេះ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនជានិច្ចក្នុងការបន្តពង្រឹង និងពង្រីករាល់កិច្ចសហប្រតិបត្តិការគ្រប់កម្រិត ជាពិសេសការជំរុញឱ្យមានទំនាក់ទំនងជាក់ស្តែងរវាងអង្គភាព និងអង្គភាព តាមរយៈសកម្មភាពមួយចំនួន ដូចជា៖ ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការចែករំលែកបទពិសោធន៍ និងលំហាត់រួម ជាដើម។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមប្រជាជនកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងកម្លាំងស្វ័យការពារជប៉ុន ដែលជាមិត្តដ៏ល្អរហូតមក និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភគាំទ្រកម្ពុជាក្នុងគ្រប់ដំណាក់កាលទាំងអស់ រាប់ចាប់ពីការទទួលស្គាល់ឯករាជ្យ, ការស្វែងរកសន្តិភាព និងដំណើការកសាង និងអភិវឌ្ឍកម្ពុជាក្រោយសម័យសង្គ្រាម។
នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ បានសម្តែងនូវក្តីរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលនេះគឺជាការសម្រេចតាមបំណងប្រាថ្នាដែលបានគិតទុកជាយូរមកហើយ និងស្របពេលដែលឆ្នាំ២០២២នេះ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកយ៉ាងសកម្មផងដែរ។ តាមរយៈដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តម ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ ដែលអាចឆ្លុះបញ្ចាំងបានអំពីចំណងមិត្តភាពដ៏រឹងមាំប្រកបដោយទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមកក្នុងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងមួយនេះ ហើយក្នុងនាមជាអគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ឯកឧត្តម ក៏នឹងបន្តគាំទ្រជំរុញទំនាក់ទំនងរវាងកងទ័ពទាំងពីរឱ្យកាន់តែមានកម្រិតខ្ពស់ឡើងបន្ថែមទៀត ជាពិសេសការចូលរួមចំណែកជួយដល់ការពង្រឹងសមត្ថភាពរបស់កងទ័ពជើងគោកកម្ពុជា។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ គឺស្របពេលដែលក្នុងឆ្នាំ២០២២នេះ កម្ពុជា-ជប៉ុន បានប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងម្លាំងស្វ័យការពារជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដោយក្នុងនេះមានការរៀបចំកម្មវិធីជាច្រើនរួមមាន៖ (i) ដំណើរទស្សនកិច្ចផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នៅក្នុងប្រទេសជប៉ុន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ និង (ii) ពិធីប្រារព្ធខួបដោយមានការចូលរួមរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងការចូលចតនាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នៅខេត្តព្រះសីហនុ ដែលអមដោយទស្សនកិច្ចនៅកំពង់ផែយោធារាម កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ។