ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីអាក់ខានរយៈពេល២ឆ្នាំដោយសារជំងឺកូវី-១៩ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានមូលនីធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក និងក្រុមការងារ បានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន៥ ជូនដល់ប្រជាពលរដ្ឋ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោកជំទាវប្រធានមូលនីធិ បានឱ្យដឹងថា អណ្តូងទឹកទាំងនេះ រួមមាន អំណោយរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន មានចំនួន២អណ្តូង អំណោយរបស់មហាឧបាសិកា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៣អណ្តូង ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺនេះ បានប្រើប្រាស់តាមតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ។
នៅតាមទីតាំងប្រគល់អណ្ដូងទឹកនីមួយៗលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមអំពាវនាវដល់បងប្អូនអញ្ជើញទៅទទួលថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងអញ្ជើញទៅបោះឆ្នោតជ្រើសឃុំ សង្កាត់អោយបានគ្រប់ៗគ្នា។
លោកជំទាវបន្ថែមថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសតាម រយៈការផ្ដល់អំណោយជាអណ្តូងទឹកនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយ ការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំង ព្រោះអណ្តូងទឹកទាំងនេះ ពិតជាមានសារសំខាន់ណាស់ ជាពិសេសនៅក្នុងបរិបទនៃជម្ងឺកូវីដ-១៩នេះ ដោយទឹកស្អាតបានជួយលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានសុខភាពល្អជៀសផុតពីជំងឺទាំងឡាយទាំងពួងបាន។
ប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលពីអណ្តូងទឹកស្អាតទាំងនេះ ពិតជាសូមគោរពសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ម្ចាស់អំណោយទាំងពីរខាងលើ ជាពិសេសសម្តេច តេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែចង្អុលបង្ហាញ គិតគូរដល់ជីវភាពប្រជាពលរដ្ឋគ្រប់ទិសទី ដែលត្រូវការចាំបាច់នូវទឹកស្អាតប្រើប្រាស់ និងការថែទាំសុខភាពអនាម័យ ជាពិសេសក្នុងបរិបទនៃកូវីដ-១៩នេះ។
សូមជម្រាបថា ក្នុងឱកាសនោះ ក្រៅពីអំណោយអណ្តូងទឹក លោកជំទាវប្រធានមូលនីធិ ក៏បានចែកជូននូវអំណោយកំដរដៃរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមអបអរសាទរនៅក្នុងពិធីប្រគល់អណ្ដូងទឹកគ្រប់ទីតាំងទាំង៥នេះផងដែរ។
លើសពីនោះទៀតលោកជំទាវប្រធាន ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ពិនិត្យសុខភាពផ្ទាល់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ហើយខណ:នោះដែរក៏មានពលរដ្ឋចំនួន៥នាក់មានជំងឺរ៉ាំរ៉ៃប្រចាំកាយ លោកជំទាវប្រធានក៏បានទទួលយកពួកគាត់ មកព្យាបាលនៅភ្នំពេញជូន ក្រោមការចំណាយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕