សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន តាមប្រព័ន្ធអ៊ីនធើណែត

ភ្នំពេញ៖នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុង ថាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន តាមប្រព័ន្ធអ៊ីនធើណែត(VTC) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជានកម្ពុជា និងបក្សកុម្មុយនីស្ត ចិននៅក្នុងបរិបទថ្មី ព្រមទាំងការពង្រឹងតួនាទីរបស់យុវជននៅក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលកម្ពុជា និងចិន សម្រេចបាន និងកំពុងបន្តពូនជ្រុំសំដៅកសាង «សហគមន៍ជោគវាសនារួម» ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យ និងភាពប៉ិនប្រសព្វរបស់គណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់បក្សកុម្មុយនីស្ត និងរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំង និងសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។

ភាគីទាំងពីរបានប្តេជ្ញា ជំរុញការផ្លាស់ប្តូរយុវជននៃប្រទេសទាំងពីរ ដើម្បីជួយបណ្ដុះបណ្ដាលសមត្ថភាពយុវជនតាមរយៈការផ្ដល់អាហាររូបករណ៍ និងកម្មវិធីបណ្ដុះបណ្ដាលផ្សេងៗទៀត សំដៅលើកកម្ពស់តួនាទី និងការចូលរួមរបស់យុវជនបន្តវេន ក្នុងការចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត។

អត្ថបទដែលជាប់ទាក់ទង
Open

Close