ធ្វើកិច្ចសន្យាអប់រំ និងណែនាំ ដាច់ខាតមិនឲ្យមានការបើកលេងល្បែងឆ្នោតយួន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកណ្តល មានខ្លឹមសារថា “សូមគោរពដល់ស្នងការខេត្តកណ្តាល សូមមេត្តាជួយមានវិធានការចំពោះផ្ទះមួយល្វែងនេះផង បើកល្បែងឆ្នោតយួន មួយថ្ងៃលេងរាប់លាន ផ្ទះល្បែងនេះស្ថិតនៅភូមិស្ទឹងជ្រៅជាប់នឹងស្ពានដែក ស្ទឹងជ្រៅ ទល់មុខសាលារៀនបឋមសិក្សាស្ទឹងជ្រៅ” ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះរួច ក្រុមការងារប្រតិកម្មរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោស្នងការ បានចាត់ឲ្យលោកអធិការនគរបាលក្រុងតាខ្មៅ ចំណាត់ការស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផល៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវេលាម៉ោង ៨និង៣០នាទី លោកអធិការ និងក្រុមប្រតិកម្មរហ័សក្រុងតាខ្មៅ បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ចុះស្រាវជ្រាវដល់ទីតាំងដែលបានរាយការណ៍ស្ថិតនៅម្តុំស្ពានដែក ក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល តែពុំមានឃើញមានការកត់ឆ្នោតវៀតណាមនោះទេ ដែលកន្លែងកត់ឆ្នោតនោះ គឺជាឆ្នោតខ្មែរដែលមានអាជ្ញាបណ្ណត្រឹមត្រូវតែប៉ុណ្ណោះ។

ចំណាត់ការ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន បានធ្វើកិច្ចសន្យាអប់រំ និងណែនាំ ដាច់ខាតមិនឲ្យមានការបើកលេងល្បែងឆ្នោតយួន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ ហើយប្រសិនបើសមត្ថកិច្ចស្រាវជ្រាវឃើញមានលួចលាក់លេងល្បែងខុសច្បាបនឹងធ្វើការបង្រ្កាបចាត់ការតាមនីតិវិធី។

អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close