មណ្ឌលគិរី ៖ បុរសម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួននាថ្ងៃទី២៧ មេសា ២០២២ តាមដីកាបង្គាប់របស់តុលាការ ករណី រំលោភលើសេចក្តីទុកចិត្ត ។
ហេតុការណ៍នេះបានកើតឡើងនៅចំនុចហាងគុយទាវទូកក្នុងភូមចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បុរសខាងលើ ឈ្មោះ យស ចាន់ថា មានមុខរបរ រកស៊ីដីធ្លី បើកក្លឹបកម្សាន្ត ហាងផឹកស៊ី កែច្នៃកាហ្វេ ត្រូវសមត្ថកិច្ចនាំខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាប់ពីមានពាក្យបណ្តឹងពីម្ចាស់ដី ដែលបុគ្គលនេះលួចលក់ដីមិនឲ្យម្ចាស់ដឹង។
ក្រោយទទួលបានចំណាររបស់ព្រះរាជអាជ្ញារសាលាដំបូងខេត្តមណ្ឌលគិរី លេខ០៣/២២អ.យ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អនុញ្ញាតឲ្យមន្ត្រីនគរបាលយុត្តិធម៌ បើកការស៊ើបអង្កេតបឋមតាមការស្នើរសុំ អនុវត្តមាត្រា៣៧ ៤០ ៧៤ ១១១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ប្រភពបន្តថា ករណីខាងលើជាបទរំលោភលើទំនុកចិត្ត ក្លែងបន្លំឯកសាធារណៈ ប្រើឯកសារសាធារណៈក្លែង និងបទសមគំនិត និងលួចលក់អចលនវត្ថុអ្នកដទៃមិនមែនជារបស់ខ្លួន ដែលប្រព្រឹត្តលើកទី១ អំឡុងឆ្នាំ២០១៤ លើកទី២ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕
ដោយ៖ ចិន្តា