អុញ! រឿងអីចេះ? ក្រសួងមហាផ្ទៃ ស្នើរដ្ឋបាលខេត្តកំពង់ចាមធ្វើការណែនាំដល់ រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម..!
អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជម្រាបជូន ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សំណើសុំចាត់វិធានការការកែលម្អការផ្តល់សេវារដ្ឋបាលនៅការិយាល័យ នៃរដ្ឋបាលស្រុកបាធាយ និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។
យោងច្រកចេញចូលតែមួយ លិខិតលេខ១០៦ នមធ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ របស់ នាយកដ្ឋានមុខងារ និងធនធាន និង ចំណារ ឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ សូមជម្រាបជូន ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត មេត្តាជ្រាបថា កាលពីថ្ងៃទី២០ ដល់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន រដ្ឋបាល ក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមការងារចុះទៅពិនិត្យមើលការផ្តល់សេវារដ្ឋបាលនៅការិយាល័យ ច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកបាធាយ និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ជាលទ្ធផល ក្រុមការងាររបស់ ក្រសួងមហាផ្ទៃ បានរកឃើញថា រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម មិនទាន់បានអនុវត្តឱ្យបាន ត្រឹមត្រូវតាមបែបបទ និងនីតិវិធី នៃការផ្តល់សេវា របស់ការិយាល័យច្រកចេញចូលតែមួយនៅឡើយ។
ដើម្បីកែលម្អ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូល តែមួយ នៃរដ្ឋបាលស្រុកបាធាយ និង រដ្ឋបាលក្រុងកំពង់ចាម ក្រសួងមហាផ្ទៃ ស្នើរដ្ឋបាលខេត្តកំពង់ចាមធ្វើកា ណែនាំដល់រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម លើចំណុចមួយចំនួនដូចខាងក្រោម ៖
១. រដ្ឋបាលស្រុកបាធាយ និង រដ្ឋបាលក្រុងកំពង់ចាម ត្រូវប្រមូលផ្ដុំសេវារដ្ឋបាលទាំងអស់ ដែល ស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលក្រុង ស្រុកឱ្យមកអនុវត្តតាមការិយាល័យច្រកចេញ ចូលតែមួយ
២. រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាមត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយ ដូចមាន កំណត់ក្នុងសេចក្តីសម្រេចលេខ៧៥២ សសរ ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ របស់ ក្រសួងមហាផ្ទៃ ស្តីពីការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីគោលការណ៍ និងនីតិវិធី ផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងបែបបទ និងនីតិវិធីបច្ចេកទេសសម្រាប់ការផ្តល់សេវា តាមវិស័យជំនាញនីមួយៗ
៣. រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម ត្រូវធ្វើការបែងចែកប្រាក់រង្វាន់លើក ទឹកចិត្តជូនថ្នាក់ដឹកនាំ បុគ្គលិករបស់រដ្ឋបាលស្រុក និងរដ្ឋបាលក្រុង ព្រមទាំងប្រធាន ការិយាល័យប្រជាពលរដ្ឋឱ្យបានទៀងទាត់ និងត្រឹមត្រូវ ស្របតាមសេចក្ដីណែនាំលេខ ០១៨ សណន ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ របស់ក្រសួងមហាផ្ទៃ
៤. រដ្ឋបាលក្រុងកំពង់ចាមត្រូវបញ្ឈប់ការយកកម្រៃសេវារដ្ឋបាលទាំងឡាយណាដែលពុំមាន កំណត់នៅក្នុងប្រកាសអន្តរក្រសួង។ ក្នុងករណីចាំបាច់ រដ្ឋបាលក្រុងត្រូវលើកសំណើមក ក្រសួងមហាផ្ទៃ ដើម្បីរៀបចំបង្កើតប្រភេទសេវាថ្មីដែលមានតម្រូវការចាំបាច់នៅមូលដ្ឋាន
៥. រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម ត្រូវរៀបចំក្រុមការងារចុះស្រង់ទិន្នន័យ និងធ្វើបច្ចុប្បន្នភាពទីតាំងអាជីវកម្ម សេវាកម្ម នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទៀងទាត់ និងជំរុញប្រជាពលរដ្ឋឱ្យមកស្នើសុំសេវារដ្ឋបាលទៅតាមប្រភេទអាជីវកម្ម សេវាកម្មនីមួយៗ
៦. រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាមត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់មន្ត្រីរដ្ឋបាលស្រុក និងរដ្ឋបាលក្រុង ព្រមទាំងប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពី លិខិតបទដ្ឋានថ្មីៗដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នផ្សេងៗ ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ទន្ទឹមនេះ រដ្ឋបាលខេត្តកំពង់ចាម ត្រូវចាត់តាំងក្រុមការងារចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ជាទៀងទាត់ លើការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម និងធ្វើរបាយការណ៍ ជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃវិញ។