សូមចូលរួមសោកស្តាយផង! នាយប៉ុស្តិ៍ និងមន្រ្តីនគរបាលម្នាក់ បានបាត់បង់អាយុជីវិត ក្នុងប្រតិបត្តិការណ៍ ចុះបង្រ្កាបគ្រឿងញៀន!

ខេត្តកណ្ដាល៖ លោកនាយប៉ុស្តិ៍រដ្ឋបាលនគរបាលទួលព្រេជ និងមន្រ្តីនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលម្នាក់ត្រូវ បានបាញ់សម្លាប់ ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ក្នុងពេលចុះទៅបង្រ្កាបក្រុមឧក្រិដ្ឋជនខាងលើ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងនៅក្នុងផ្ទះតៀម មួយកន្លែង នៅក្នុងភូមិចន្រ្ទាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីវេលា ម៉ោង១រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នគរបាលដែលស្លាប់នោះម្នាក់ ឈ្មោះជុច សុភា មានឋានៈជានាយប៉ុស្តិ៍រដ្ឋបាលនគរបាលទួលព្រេជ ចំណែកម្នាក់ទៀតឈ្មោះ រឹម សុផាន់ណា ឋានន្តរស័ក្ដិអនុសេនីយទោ ជាមន្រ្តីផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល។ដោយឡែកជនដៃដល់ក៏ត្រូវបាននគរបាលបាញ់តបតវិញបណ្ដាលឲ្យរងរបួសដៃ និងត្រូវចាប់ខ្លួនបានរួមជាមួយបក្សពួកម្នាក់ទៀត និងដកហូតអាវុធខ្លីម៉ាករ៉ូឡូ១ដើមផងដែរ។

រីឯបក្សដែលនៅសេសសល់កំពុងរត់គេចខ្លួនហើយក្រុមនេះគឺជាមុខសញ្ញាចាស់ ហើយទាំងអ្នកដែលត្រូវចាប់ខ្លួននិងអ្នករត់គេចខ្លួនពុំទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយ។

ប្រភពដដែលបានបន្តថា មុនឈានដល់ការចុះបង្រ្កាប កម្លាំងនគរបានប៉ុស្តិ៍ទួលព្រជ និងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួលបានធ្វើការស្រាវជ្រាវ ហើយបានដឹងថាក្រុមឧក្រិដ្ឋជនខាងលើដែលជាមុខសញ្ញាចាស់ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងផ្ទះតៀមចំណុចកើតហេតុខាងលើ។បន្ទាប់មកក៏បានចុះទៅបង្រ្កាប លុះពេលទៅដល់បានធ្វើការឡោមព័ទ្ធ និងបើកទ្វារផ្ទះនោះចូលទៅចាប់ខ្លួនជនសង្ស័យ ប៉ុន្តែក្រុមជនសង្ស័យបានដឹងខ្លួនមុន ក៏បាន បាញ់ប្រហារមកលើកម្លាំងនគរបាលមុន បណ្ដាលឲ្យត្រូវលោកនាយប៉ុស្តិ៍ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯមន្រ្តីនគរបាលម្នាក់ទៀតរងរបួសធ្ងន់និងបានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្រ្គោះបន្ទាន់ដល់មន្ទីរពេទ្យ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកក្រុមឧក្រិដ្ឋជនបានព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាល បានបាញ់តបតវិញបណ្ដាលឲ្យត្រូវជនសង្ស័យម្នាក់របួសដៃហើយ ចាប់ខ្លួនរួមជាមួយបក្ខពួកម្នាក់ទៀតសរុបការចាប់ខ្លួននោះបាន២នាក់ និងដកហូតកាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម ចំណែកបក្ខពួកមួយចំនួនទៀតបានរត់គេចខ្លួន ហើយនគរបាលកំពុងតាមចាប់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close