ធនាគារ វីង ចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីក្នុងបុព្វហេតុសង្គម
ភ្នំពេញ ៖ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២២ ធនាគារវីង (ខេមបូឌា) ម.ក បានចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមដល់បុព្វហេតុដ៏ថ្លៃថ្លារបស់សមាគម ក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ។
អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ(TYDA) និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងមានការចូលរួមពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និងថ្នាក់ដឹកនាំនៃស្ថាប័នទាំង២ជាច្រើនរូបទៀត ។
តាមរយៈអនុស្សរណៈនេះ អ្នកឧកញ៉ា គិត ម៉េង លោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារ នឹងបរិច្ចាគថវិកា ចំនួន ១០០,០០០ ដុល្លារក្នុងរយៈពេល៥ឆ្នាំតាមរយៈធនាគារ វីង ដើម្បីគាំទ្រដល់ការងារមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ ។
អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង(ខេមបូឌា)ម. ក បានមានប្រសាសន៍ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបក៏ដូចជាធនាគារវីងបានជួយលើការងារមនុស្សធម៌ជាច្រើនជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាជាមួយសម្ដេចតេ ជោ ហ៊ុន សែន នៅក្នុងវិស័យសុខាភិបាលនិងវិស័យផ្សេងៗជាច្រើនទៀត។ សម្រាប់ទិសដៅទៅមុខទៀតក្រុមហ៊ុន នឹងជំរុញការងារមនុស្សធម៌ជាមួយនឹងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតតាមរយៈការភ្នាក់ងារ wing ទូទាំងប្រទេសដែលមានសាខាចំនួនជាង១ម៉ឺនសាខាបានចូលរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌នេះផងដែរ។
អ្នកឧកញ៉ា បានមានប្រសាសន៍បន្ដថា យើងពិតជាមានសំណាងណាស់ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនដើម្បីអភិវឌ្ឍន៍គ្រប់វិស័យ រួមទាំងវិស័យទាំងវិស័យសុខាភិបាលពាណិជ្ជកម្មជាដើម។ អ្នកឧកញ៉ាបានបង្ហាញមោទនភាពនិងកោតសរសើរចំពោះសកម្មភាពរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)ដែលក្នុងរយៈពេលកន្លងមកនេះ ជាពិសេសរយ:ពេល២ឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំ ក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តទាំងអស់នៃសមាគមTYDA បានលះបង់គ្រប់បែបយ៉ាងខិតខំបម្រើប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការរៀបចំមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក ការយកសំណាក ការព្យាបាលអ្នកជំងឺ-១៩ ការចាក់វ៉ាក់សាំង និងការងារជាច្រើនទៀតផងដែរ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានមានប្រសាសន៍ថា នេះគឺជាលើកទីមួយនៃការចុះអនុស្សរណៈអនុស្សរណ:យោគយល់(MOU) គឺជាពេលវេលាដែលល្អដែលយើងបានធូរស្រាលពីជំងឺកូវីដ-១៩ អាចធ្វើឲ្យយើងមានឱកាសពេលវេលារីករាយដើម្បីធ្វើការងារមនុស្សធម៌ និងការជួបជុំគ្នាដោយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោគ(TYDA) គឺមានគោលការណ៍០៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ
ទី១- គឺការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។ ទី២-ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមតាមរយៈការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដែលគិតថ្លៃនៅទូទាំងប្រទេស។ ៣-ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើនក្នុងការយកជំនាញបច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះគឺដោយសារសុខសន្តិភាពដែលធ្វើឱ្យយើងមានឱកាសបម្រើប្រជាពលរដ្ឋ។ ជាលទ្ធផល គិតដល់ថ្ងៃនេះសមាគមបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសបានចំនួន៣៣៦,៣៥៣ នាក់ អ្នកជំងឺធ្ងន់ចំនួន ៦,១៥៣ នាក់ ត្រូវបញ្ជួនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និង ជាមួយដៃគូរសហការនានានៅក្នុងនោះផងដែរ និងមានអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៦នាក់ត្រូវបានព្យាបាលដោយឥតគិតថ្លៃ ។ សូមថ្លែងអរគុណចំពោះក្រុមហ៊ុន Royal Group និងធនាគារវីង(ខេមបូឌា)ម.ក ដែលបានផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិចដើម្បីដើមចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុប្រជាពលរដ្ឋតាមរយៈការចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។
អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន គឺជាអ្នកគាំទ្រដ៏សកម្មនៃសមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ សម្រាប់ការងារសប្បុរសធម៌ដោះស្រាយបញ្ហាប្រឈមដែលសហគមន៍កំពង់ប្រឈម ។ កាលពីខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា បានបរិច្ចាគថវិកាចំនួន ៥០,០០០ ដុល្លារអាមេរិក ដល់សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ សម្រាប់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សមាគមក្នុងការទប់ស្កាត់ការ ឆ្លងនៃមេរោគកូវីដ-១៩នៅក្នុងសហគមន៍ ។
ដើម្បីជាការថ្លែងអំណរគុណ កាលពីឆ្នាំមុន អ្នកឧកញ៉ា គិត ម៉េង ក៏បានរៀបចំឲ្យវីងម៉លយកអាហារពី ហាង KFC ចំនួនពីរដងទៅជូនក្រុមការងារដ៏ក្លាហាននៃសមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ ។
អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមហ៊ុនដៃទៀតនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តែងតែគាំទ្រយ៉ាងសកម្ម និងប្រកបដោយទឹកចិត្តសប្បុរសធម៌ដើម្បីជួយដល់សហគមន៍ដែលខ្វះខាតតាមរយៈសកម្មភាពសង្គមផ្សេងៗ ជាច្រើននាពេលកន្លងម ៕