សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចាប់ផ្ដើមបេសកកម្មរបស់ខ្លួនជាលើកទី១ នៅក្នុងឆ្នាំ ២០២២ បន្ទាប់ពីខកខានដោយសារការរីករាលដាលជំងឺកូវីដ-១៩ អស់រយៈពេល២ឆ្នាំ

ខេត្តកំពង់ចាម៖ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានដឹកនាំក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគមTYDA ចុះព្យាបាលប្រជាពលរដ្ឋប្រមាណជាង៥០០នាក់នៅស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួមជាមួយអាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកធាយ យុវជន ស ស យ ក និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។

លោកស្រី ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា ដោយសេចក្តីគោរពស្រលាញ់ប្រជាពលរដ្ឋ នេះគឺជាលើកទី៥ សម្រាប់ស្រុកបាធាយ និងលើកទី១៥ សម្រាប់ខេត្តកំពង់ចាម ដែលសមាគមTYDA បានចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ លោកជំទាវ បានផ្តាំការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និងឯកឧត្តមហ៊ុនម៉ាណែត ដែលបានគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

លោកស្រី អនុប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថា បើគ្មានប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងក្រសួងស្ថាប័នពាក់ព័ន្ធ បានយកចិត្តទុកដាក់ទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសនោះទេ កម្ពុជានឹងមានលក្ខណៈធ្ងន់ធ្ងរដូចប្រទេសមួយចំនួន។ ប៉ុន្តែយើងពិតជាមានសំណាងដោយមានប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ ដែលធ្វើឱ្យស្ថានភាពកម្ពុជានាពេលបច្ចុប្បន្នមានសភាពធូរស្រាលជាងប្រទេសដទៃទៀត។

លោកស្រី ពេជ ចន្ទមុន្នី បានសំណូមពរឲ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ឱ្យបានគ្រប់ៗគ្នាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគមTYDA អាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា យុវជន ស.ស.យ.ក និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀតដែលបានរៀបចំការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលនេះ។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA ដែលចុះព្យាបាលប្រជាពលរដ្ឋនៅស្រុកបាធាយ ខេត្តកំពង់ចាម បានព្យាបាលប្រជាពលរដ្ឋសរុបចំនួន៩៩១ករណី និងមានករណីធ្ងន់ធ្ងរចំនួន៤៣ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ដែលការព្យាបាល និងការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

អត្ថបទដែលជាប់ទាក់ទង
Open

Close