បើ អភិបាល និង អធិការស្រុក អត់អើពើ! សង្ឃឹមថា លោកអភិបាលខេត្ត និង ស្នងការខេត្ត ជួយមានវិធានការផង!

ខេត្ដស្វាយរៀង ៖ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទោះបីមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាព ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។

រាជរដ្ឋាភិបាល សម្រេចកែលម្អលក្ខណសម្បត្តិនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ព្រមទាំងលើកកម្រិតគោលនយោបាយនេះជារបស់រាជរដ្ឋាភិបាល ដែលមានគោលបំណង និងសំណូមពរ ដូចខាងក្រោម៖

ទី១-បន្តកសាង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឲ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។
ទី២-កសាងបានជាកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយបំផុសឲ្យមានកិច្ចសហការចូលរួមជាមួយសមត្ថកិច្ច ពីវិស័យសាធារណៈ វិស័យឯកជន អ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សូមជម្រាបថា លក្ខណសម្បត្តិរបស់ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មានដូចជា ៖
ទី១-ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ទី៣-មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
ទី៥-ដោះស្រាយវិធានការនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
និងទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

តែប្រើក្រឡេកទៅមើល ខេត្តស្វាយរៀង ឯណោះវិញ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង នៅក្នុងភូមិ តាសួស ឃុំដូង ស្រុករមាសហែក ម្ចាស់ទីតាំង ត្រូវគេស្គាល់ថា មាន ឈ្មោះ យ៉ាន់ ដែល ជាមន្ដ្រី យោធាវារៈ២០១ ការពារព្រំដែនទទួលនៅច្រកដំណាក់ត្រឡោកបែក និង លោក អុន ជាប្រជាពលរដ្ឋ បាននឹងកំពុងបើកដំណើរការយ៉ាងរលូនលេងជារាងរាល់ថ្ងៃ ដោយមិនញញ្ញើត និងអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានឡើយ ផ្ទុយពីលក្ខណសម្បត្តិនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង៧ ចំនុច របស់
រដ្ឋាភិបាល។

ប្រភពពីអ្នកចេញចូលលេងល្បែងស៊ីសង មាន់ជល់ និងអាប៉ោង បានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាចំពោះទីតាំងជល់មាន់ នឹងអាប៉ោងនេះ គឺបើកលេងជាង២ខែទៅហើយ ម្យ៉ាងវិញទៀតនោះ លោក យ៉ាន់ និ ងលោក អុន បានរត់ការគ្រប់ច្រកល្អក អស់ហើយ ដើម្បីឲ្យអាជ្ញាធរ និងសមត្ថកិច្ច ពាក់ពន្ធ័នៅក្នុងស្រុករមាសហែក ជួយរក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកលេងយ៉ាងសេរី ចំពោះ អាជ្ញាធរ និងសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ហឡើយ ។ ម្យ៉ាងវិញទៀតនោះ អ្នកបាញ់អាប៉ោង ត្រូវបង់លុយទៅឲ្យម្ចាស់សង្វៀនជល់មាន់ចំនួន៥០ ម៉ឺនរៀល ក្នុងមួយថ្ងៃជាថ្នូរនៃការបើកលេង។

ប្រភពបានបន្ដថា ចំពោះទីតាំងខាងលើនេះ គេលេងផ្លាស់ប្ដូរ ៣ទីតាំង ក្នុងភូមិ តាសួស ឃុំដូង ដដែល ដោយទីតាំង

ទី១. លេងខាងកើតផ្លូវចម្ការស្វាយចន្ធី ខាងក្រោយផ្ទះ ឈ្មោះ អុន ជាប់ព្រំប្រទល់វៀតណាម។
ទី២. លេងខាងលិចផ្លូវ ចូលតាមផ្លូវជាប់របងខាងត្បូងផ្ទះឈ្មោះអួក ជាប់ និងស្លាកគណបក្សភ្លើងទៀន ចូលទៅលិចចំងាយប្រហែល២០០មែត្រ នៅក្រោមដើមកាស្យា នៅវាលស្រែ
ទី៣.លេងនៅខាងលិចផ្លូវដែរ ។

ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់ និងអាប៉ោងមួយនេះ ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់។

ពលរដ្ឋ មានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នា ជាមួយម្ចាស់ទីតាំង អស់ហើយទេដឹងឬមួយខ្លាចបែកឆ្នាំងបាយបានជាមិនហ៊ានបង្ក្រាបទើបបណ្ដែតបណ្ដោយឲ្យលោក យ៉ាន់ និង លោក អុន បើកលេងល្បែងស៊ីសងជល់មាន់ និងអាប៉ោង យ៉ាងគគ្រឹកគគ្រេងទៅវិញ។
ពលរដ្ឋ លើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់ នៃបទល្មើស ចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុនាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងមូលដ្ឋាន ជាដើម។

ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន មិនអាចសុំការបំភ្លឺពី លោកអធិការស្រុករមាសហែក បានទេ។ ចំណែក ឯលោក អភិបាលស្រុករមាសហែក បានប្រាប់មកអង្គភាពសារព័ត៌មានថា លោកកំពុងតែមានចំណាត់រឿងនេះ។

ទោះជាយ៉ាងណាក្ដី បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងស៊ីសង ជល់មាន់ និងអាប៉ោងទាំងនេះផង។
បងប្អូនប្រពលរដ្ឋ មានសង្ឃឹមជឿជាក់លើក លោកឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការខេត្ដស្វាយរៀង និង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នឹងមានចំណាត់ការចំពោះករណី ល្បែងស៊ីសងទាំងនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ផង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close