ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ “អរគុណសន្តិភាព” គឺមានន័យថា ជាការប្រែក្លាយពីស្ថានភាពសង្រ្គាមដែលបង្កនូវវិនាសកម្ម និងសោកដនាកម្មដល់ប្រជាពលរដ្ឋ ឱ្យទៅជាស្ថានភាពភាព នៃការរស់រានមានជីវិត និងភាពសកម្មរស់រវើក ទាំងផ្នែកសេដ្ឋកិច្ច-សង្គម!
ខេត្តបាត់ដំបង៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផលគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី១ និងការបើកគម្រោងថ្មីដំណាក់កាលទី២ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ឯស្រុកសំឡូត នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានថ្លែងថា ៖ “អរគុណសន្តិភាព” គឺមានន័យថា ជាការប្រែក្លាយពីស្ថានភាពសង្រ្គាមដែលបង្កនូវវិនាសកម្ម និងសោកដនាកម្មដល់ប្រជាពលរដ្ឋ ឱ្យទៅជាស្ថានភាពភាពនៃការរស់រានមានជីវិត និងភាពសកម្មរស់រវើក ទាំងផ្នែកសេដ្ឋកិច្ច-សង្គម ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងការរីកចម្រើនរុងរឿងថ្កើនថ្កានដល់ជាតិ និងប្រជាជន។ ជាក់ស្តែង នៅក្នុងស្រុកសំឡូតនេះផ្ទាល់ ដែលធ្លាប់ឆ្លងកាត់ផ្ទាល់នូវដំណាក់កាលនៃប្រវត្តិសាស្ត្រ ដែលពោរពេញដោយការបំផ្លិចបំផ្លាញ និងវិនាសកម្មបង្កឡើងដោយសង្គ្រាម ប៉ុន្តែសព្វថ្ងៃតំបន់អតីតសមរភូមិមួយនេះ ដែលពីមុនពោរពេញដោយផ្ទៃដីចម្ការមីនដ៏គ្រោះថ្នាក់ បានប្រែមុខមាត់ និងក្លាយមកជាតំបន់អភិវឌ្ឍប្រកបដោយសក្តានុពល ហើយប្រជាពលរដ្ឋអាចរស់នៅ និងប្រកបការងារគ្រប់មុខរបរ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសេចក្តីសុខសុភមង្គល។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តែងនូវការត្រេកអរជាមួយបងប្អូនប្រជាពលរដ្ឋក្នុងស្រុកសំទ្បូត ក៏ដូចជាប្រជាជនយើងនៅទូទាំងខេត្តបាត់ដំបង ប៉ៃលិន និងពោធិ៍សាត់ ចំពោះការទទួលបាននូវសមិទ្ធផលក្រោមគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ចំនួន ០៤ គម្រោងក្នុងដំណាក់កាលទី១នេះ ដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំឆ្នាំ២០២២ នេះ រួមមាន៖
– ការរំដោះផ្ទៃដីចម្ការមីន/គ្រាប់បានចំនួនជាង ០២ ម៉ឺនហិកតា ដោយកម្ទេចគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះគ្រប់ប្រភេទបានប្រមាណជាង ១២ ម៉ឺនគ្រាប់.
– ការឆ្លើយតបនឹងសំណើពីអាជ្ញាធរមូលដ្ឋាន និងសហគមន៍បានប្រមាណជាង 0៥ ពាន់សំណើ និងបានផ្តល់ការអប់រំយល់ដឹងអំពីមីនដល់ប្រជាពលរដ្ឋបានប្រមាណជាង ២៩ ម៉ឺននាក់។
– ការសាងសង់ផ្លូវជនបទចំនួន ៣២ ខែ្ស មានប្រវែងសរុបប្រមាណ ១១៥ គីទ្បូម៉ែត្រ, សំណង់បង្ហូរទឹកគ្រប់ប្រភេទបានចំនួន ២១៩ កន្លែង, ស្រះទឹកសហគមន៍ចំនួន ០៥ កន្លែង, ស្ពានបេតុងចំនួន ០៥ កន្លែង, ផ្សារសហគមន៍ ០១ កន្លែង និងជួយរៀបចំដីកសិកម្មជូនប្រជាពលរដ្ឋបានចំនួន ៤៩៤ ហិកតា។
– ប្រជាពលរដ្ឋបានទទួលផលផ្ទាល់ និងប្រយោលពីគម្រោងទាំង ០៤ នេះ មានចំនួនជិត ១៣ ម៉ឺន គ្រួសារសើ្មនឹងជិត ៤៧ ម៉ឺននាក់។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា សមិទ្ធផល ដែលយើងកំពុងចូលរួមអបអរសាទរនាពេលនេះ គឺមិនអាចកើតមានឡើងដោយចៃដន្យនោះឡើយ ពិតណាស់ទាំងនេះ គឺជាពរជ័យនៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពទឹកដី ដោយក្នុងដំណាក់កាលនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកជីវិតជាដើមទុនអញ្ជើញចុះមកផ្ទាល់នៅក្នុងតំបន់សំឡូតនេះក្នុងឆ្នាំ១៩៩៦ ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរ និងផ្តល់ភាពសុខសាន្តជូនប្រជាជន។
ឆ្លៀតក្នុងឳកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអរគុណចំពោះរាជរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលបានជួយកម្ពុជារហូតមក ទាំងការចូលរួមក្នុងដំណើរការស្វែងរក និងថែរក្សាសន្តិភាព ព្រមទាំងការស្តារ និងអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ ជាពិសេសការខិតខំចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដើម្បីលុបបំបាត់ការគំរាមកំហែង ផ្តល់ក្តីសង្ឃឹម និងកសាងទ្បើងវិញនូវអនាគតដ៏រុងរឿងរបស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ ក៏សូមវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកស៊ីម៉ាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនរហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ដោយក្រៅពីប្រតិបត្តិការនៅក្នុងប្រទេស អង្គភាពបានចូលរួមយ៉ាងសកម្មនៅក្នុងការបង្ហាត់បង្រៀន និងចែករំលែកបទពិសោធន៍នៅក្នុងសហគមន៍អន្តរជាតិផងដែរ។