វគ្គបណ្តុះបណ្តាល ស្តីពីការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
ភ្នំពេញ៖ នៅព្រឹកថ្ងៃ ពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
ពិធីបើកវគ្គ មានការចូលរួមពី ៖
១. លោកគ្រូបង្គោលដែលជាគ្រូបង្ហាត់ផ្នែកទ្រឹស្ដី និងគ្រូបង្ហាត់ផ្នែកកុំព្យូទ័រ របស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ប្រចាំខណ្ឌ ។
២. លាក សាម មុយខៀង នាយករងរដ្ឋបាល ខណ្ឌមានជ័យ ។
៣. លោក កែវ ជីវ័ន្ត ប្រធានការិយាល័យនីតិកម្ម ខណ្ឌមានជ័យ ។
៤. លោក ទិត ផានិត អនុប្រធានការិយាល័យសង្គមកិច្ច និងអភិវឌ្ឍន៍សហគមន៍ ខណ្ឌមានជ័យ ។
៥. លោក លោកស្រី ចៅសង្កាត់ ទាំង៧
៦. លោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ ១រូប ក្នុងមួយសង្កត់ ។
ជាកិច្ចចាប់ផ្តើម លោក ឌី រ័ត្នខេមរុណ បានស្វាគមន៍វត្តមាន របស់ក្រុមការងារលោកគ្រូបង្គោលដែលជាគ្រូបង្ហាត់ផ្នែកទ្រឹស្ដី និងគ្រូបង្ហាត់ផ្នែកកុំព្យូទ័រ របស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នឹងបានមានប្រសាសន៍ថា ៖
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ គឺជាការបោះឆ្នោត សកល ដែលត្រូវធ្វើឡើងនូវរៀងរាល់ ៥ ឆ្នាំម្តង ហើយសម្រាប់ឆ្នាំនេះ គឺជាការបោះឆ្នោត អាណត្តិទី៥ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
ដើម្បីបម្រើគោលដៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នេះ ការចែកប័ណ្ណព័ត៌មាន អ្នកបោះឆ្នោត គឺផ្នែកមួយយ៉ាងសំខាន់នៅក្នុងសកម្មភាពនៃដំណើរការរៀបចំ ការបោះឆ្នោត ។ ព័ត៌មានអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ដោយក្រុមចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត នឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១៧ ខែ មេសាខាងមុខនេះ រហូតទៅដល់ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០២២ ។
ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ វា មានប្រយោជន៍ សម្រាប់អ្នកបោះឆ្នោតផង និងមានប្រយោជន៍សម្រាប់គណៈកម្មការការិយាល័យបោះឆ្នោតផង។ អ្វីដែលមានប្រយោជន៍សម្រាប់អ្នកបោះឆ្នោត គឺ ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ វាជួយដល់អ្នកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឱ្យបានដឹងអំពី លេខរៀង ឈ្មោះ ទិន្នន័យពាក់ព័ន្ធនឹងសាមីខ្លួនក្នុងបញ្ជី បោះឆ្នោត លេខកូដ និងទីតាំងការិយាល័យបោះឆ្នោត កាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត ព្រមទាំង ប្រភេទឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលត្រូវប្រើនៅពេលបោះឆ្នោត ជាពិសេស គឺវាជួយដល់អ្នកបោះ ឆ្នោត អាចរកឃើញយ៉ាងងាយស្រួលនូវទីតាំងការិយាល័យបោះឆ្នោតដែលសាមីខ្លួនត្រូវទៅបោះឆ្នោត ។ ម្យ៉ាងវិញទៀត វគ្គបណ្តុះបណ្តាល ស្តីពីការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត នៅថ្ងៃនេះ ពិតជាមានសារសំខាន់ ដោយ លោក លោកស្រី ដែលជាគណៈកម្មការសង្កាត់ រៀបចំការបោះឆ្នោត និង ក្រុមប្រឹក្សាសង្កាត់ ត្រូវពាំនាំ យកខ្លឹមសារ ទាំងនេះទៅបន្តផ្សព្វផ្សាយដល់ មេភូមិ ជំនួយការភូមិ និង ប្រជាពលរដ្ឋនៅតាមកន្លែងប្រមូលផ្ដុំនៃសង្កាត់ ដើម្បី ចូលរួមចំណែកក្នុងដំណើរការនៃការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់បម្រើឱ្យគោលដៅនៃការរៀបចំការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ ។
ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានធ្វើការប្រកាសបើកវគ្គបណ្តុះបណ្តាល ជាមួយគ្រូបង្គោល ស្តីពីការចែកបណ្ណ័ពត៍មាន អ្នកបោះឆ្នោតចាប់ពីព្រឹកនេះតទៅ ។