ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ស ថេត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ៤០៨ នាក់ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បន្ទាប់ពីក្រុមការងារគណបក្សសង្កាត់ បានឡើងអានសេចក្តីសម្រេចបញ្ចូលសមាជិកបក្ស តំណាងសមាជិកថ្មីចំនួន ០៣ នាក់ លើ ៤០៨ នាក់ បានធ្វើការប្តេជ្ញាចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណ្ណត្តិខាងមុខ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិយើង។
ឯកឧត្តមប្រធានក្រុមការងារ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្តាំផ្ញើដល់សមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ៤០៨ នាក់ ទើបបញ្ចូលថ្មី ដែលសម្រេចចិត្តដ៏ត្រឹមត្រូវសុំចូលជាសមាជិកពេញសិទ្ធិ នៃគណបក្សប្រជាជនកម្ពុជានៅពេលនេះ ត្រូវខិតខំប្រឹងប្រែងបម្រើគណបក្សឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមកសាងប្រទេស ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ឯកឧត្តមប្រធានក្រុមការងារ បានបន្តទៀតថា៖ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងដឹកនាំប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ តែងតែនៅរួមរស់ជាមួយបងប្អូនប្រជាពលរដ្ឋ មិនរត់ចោលប្រជាពលរដ្ឋ និងបានកសាងប្រទេសជាតិ ឱ្យរីកចម្រើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ ជាក់ស្តែងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ-១៩ ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។
ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា នៅអណតិបន្តបន្ទាប់ ដើម្បីគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីតទៅទៀត និងបន្តដឹកនាំប្រទេសជាតិមាតុភូមិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍បន្ថែមទៀត ។