ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កោតសរសើរចំពោះស្នាដៃឯករបស់កីទ្បាករ កីទ្បាការិនីជ័យលាភីម្ចាស់មេដាយមាសរបស់កម្ពុជា
ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយកីទ្បាករ កីទ្បាការិនី ជ័យលាភីម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍អន្តរជាតិ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងកាកោតសរសើរចំពោះស្នាដៃឯករបស់កីទ្បាករ កីទ្បាការិនីជ័យលាភីម្ចាស់មេដាយក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ដែលបានកសាងនូវស្នាដៃ និងគុណបំណាច់ដ៏ខ្ពង់ខ្ពស់ក្នុងការលើកស្ទួយមុខមាត់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ដោយបង្កើតបានជាមោទកភាពរួមសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។
ឯកឧត្តម បានលើកឡើងថា ម្លប់នៃសុខសន្តិភាព បានផ្តល់ឱកាសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យកីទ្បា ដោយកាលពីមុន កម្ពុជាទទួលបានមេដាយមាសតិចតួចប៉ុណ្ណោះនៅក្នុងការចូលរួមព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ ប៉ុន្តែមកដល់ពេលនេះ កម្ពុជាទទួលបានមេដាយមាសរហូតដល់ ៨៦ គ្រឿងពីការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ។ នេះជាស្នាដៃរបស់កូនខ្មែរ ហើយជាសក្ខីភាពនៃការអភិវឌ្ឍរីកចម្រើនជាលំដាប់នៃវិស័យកីឡា នៅកម្ពុជា ហើយយើងក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកីទ្បាស៊ីហ្គេម លើកទី៣២ ក្នុងឆ្នាំ២០២៣ខាងមុខផងដែរ ដែលព្រឹត្តិការណ៍នេះ នឹងនាំមកនូវកិត្តិយស និងឧត្តមភាពសម្រាប់ជាតិខ្មែរយើងក្នុងដំណើរជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃតួនាទីកម្ពុជានៅក្នុងតំបន់។
ឆ្លៀតក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សំណូមពរដល់កីឡាករ កីឡាការិនីទាំងអស់ សម្រាប់ការលះបង់ និងការខិតខំប្រឹងប្រែងព្យាយាមយកអស់លទ្ធភាពបន្តហាត់ហ្វឹកហ្វឺនត្រៀមសម្រាប់ព្រឹត្តិការណ៍នាពេលខាងមុខ រួមជាមួយនឹងកម្លាំងចិត្តដ៏ខ្លាំងក្លា និងក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការលើកតម្កើងកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ ក៏សូមអរគុណដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលតែងបានជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈដល់កីទ្បាករ កីទ្បាការិនីឱ្យទទួលបានការហ្វឹកហាត់បានជាប់ជាប្រចាំ សំដៅធានាបាននូវជ័យជម្នះជូនជាតិមាតុភូមិ។
មួយវិញទៀត សកម្មភាពយ៉ាងផុសផុលនៅក្នុងវិស័យកីឡាបច្ចុប្បន្ន ក៏ជាចំណែកមួយក្នុងការជំរុញការលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព នៅក្នុងមជ្ឈដ្ឋានប្រជាជនគ្រប់វ័យផងដែរ។