ខេត្តបាត់ដំបង៖ សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃសៅរ៍១ កើតខែចេត្រឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ អនុវត្តតាមយោបល់បញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯកលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការ សម្របសម្រួល លើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វើការស្រាវជ្រាវករណីដែលប្រទះឃើញ (ក្មេងស្រី) អណ្តែតក្នុងទឹកប្រឡាយ មួយកន្លែង ស្ថិតនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងលទ្ធផល នៃការស្រាវជ្រាវនេះ សមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ ឈ្មោះ ហន សាមេន ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាងលើ ដែលត្រូវជា ម្តាយក្មេងស្រីរងគ្រោះ(សាកសព) ដើម្បីធ្វើការសាកសួរស្រាវជ្រាវ។
សូមជម្រាបជូនថា មូលហេតុ ដែលឈានដល់ការឃាត់ខ្លួននេះ គឺនៅថ្ងៃខែឆ្នាំខាងលើ នាវេលាម៉ោង ប្រមាណ៩ និង០៥នាទីព្រឹក សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានទទួលព័ត៌មានពី ករណី បាត់ក្មេងស្រីម្នាក់ ទើបមានអាយុ១ខែ និង១០ថ្ងៃ មាន ឈ្មោះ ជៀប កាន់យ៉ា ដែលមាន ម្តាយឈ្មោះ ហន សាមេន។ នៅពេលទទួលព័ត៌មានពីការបាត់ក្មេងស្រីតូចនេះទាំងអ្នកភូមិ និងសមត្ថកិច្ចបានស្វះស្វែងរក ហើយពេលបន្ទាប់ក៏បានប្រទះឃើញ (សព) ក្មេងស្រីខាងលើអណ្តែតនៅក្នុងទឹកប្រឡាយមួយកន្លែងនៅមូលដ្ឋានខាងលើ។
ដោយមានហេតុផល មួយចំនួន គួរឱ្យសង័្សយ ចំពោះករណីនេះ សមត្ថកិច្ច បានសម្រេចនាំខ្លួនស្រី្តជាម្តាយមកធ្វើការសាកសួរស្រាវជ្រាវ ។
នៅចំពោះ មុខការសាកសួររបស់សមត្ថកិច្ច ស្រ្តីជាម្តាយបានឆ្លើយសារភាពថា រូបគាត់តែម្នាក់ឯង បានធ្វើសកម្មភាព យកកូនស្រីបង្កើត ដែលមានអាយុ ទើបប១ខែ១០ថ្ងៃ ទៅបោះចោលឱ្យ (ស្លាប់) ក្នុងទឹកប្រឡាយនោះ ហើយពេលបន្ទាប់មក ក៏ធ្វើឱ្យមានសកម្មភាព អំពីការបាត់កូនស្រី របស់ខ្លួន ដែលតាមរយៈព័ត៌មាននេះហើយ ដែលសមត្ថកិច្ចនគរបាល ទទួលបាន និងបានចាត់វិធានការស្រាវជ្រាវស៊ើបអង្កេត ភ្លាមៗ ។
ស្រ្តីជាម្តាយរូបនេះ បានរៀបរាប់ថា មូលហេតុដែលនាំទៅដល់ការ (សម្លាប់កូនស្រីខ្លួនឯង) ដោយឥតញញើតដៃបែបនះ គឺដោយសារតែកូនស្រី ជាជនរងគ្រោះរូបនេះ យំនៅពេលយប់ គឺចាប់ពីម៉ោង ២១និង០០នាទី រហូតដល់ម៉ោង៤ និង០០នាទី ព្រឹកទើបបាត់យំ។ ម៉្យាងដោយខ្លួនមានការហត់នឿយ ជាមួយនឹងបញ្ហានេះ ផង និងជីវភាពក្រីក្រពេក ណាមួយកូនបងទើបតែមានអាយុ១ឆ្នាំ ១ខែផង ណាមួយអត់មានប្រាក់ទិញទឹកដោះគោឱ្យកូនបៅផង និងពេលនេះ ដោយមានឱកាសល្អ ពេលយាយមិននៅ ម្តាយមីងមិននៅ គឺនៅតែម្នាក់ឯង ខ្លួនក៏យកកូននេះទៅបោះចោលក្នុងទឹកប្រឡាយក្រោយផ្ទះតែម្តងទៅ។
ទោះជាឆ្លើយសារភាព រៀបរាប់ពីទុក្ខលំបាកយ៉ាងណា នៅពេលនេះ សមត្ថកិច្ច បានរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់ការទៅតាមផ្លូវច្បាប់ហើយ៕