ភ្នំពេញ៖ នៅព្រឹក ថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៩ និង ០០នាទី គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ចតុមុខ បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកសាខាបក្សចំណុះគណៈកម្មាធិការគណបក្សសង្កាត់ចតុមុខ ដែលជាព្រះសង្ឃ និងសិស្ស-និស្សិត ក្នុងវត្តបទុមវតី ក្រោមព្រះអធិបតីភាព ព្រះចរណវិជ្ជា ចេម ធីរៈ ព្រះគ្រូសូត្រឆ្វេង ព្រះរាជតំណាង ព្រះគ្រូចៅអធិការវត្តបទុមវតី និង ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អនុប្រធានគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចតុមុខ និង ឯកឧត្តម ជុំ អ៊ៀក អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចតុមុខ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចតុមុខ លោកស្រី ខៀវ សំអុន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ចតុមុខ និងជាបេក្ខភាពក្រុមប្រឹក្សាសង្កាត់ចតុមុខ អាណត្តិទី៥ លេខរៀងទី១ លោក លោកស្រីអនុប្រធាន និងសមាជិកគណបក្សសង្កាត់ ព្រមទាំងសមាជិកគណបក្សជា ព្រះសង្ឃ និងជាសិស្ស-និស្សិត នៅវត្តបទុមវតី សរុបចំនួន ២៥៦អង្គ-នាក់ ដែលជាសាខាបក្ស ចំណុះគណបក្សសង្កាត់ចតុមុខ ខណ្ឌដូនពេញផងដែរ ។
ក្នុងឱកាសពិធីសំណេះសំណាលនេះ លោក សុខ ពេញវុធ បានពាំនាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ, ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំខណ្ឌ-សង្កាត់ចតុមុខ ប្រគេន-ជូនដល់ព្រះសង្ឃគណៈអធិបតី ព្រះសង្ឃសមាជិក និងប្អូនៗនិស្សិតទាំងអស់ និង បានរំលឹកអំពីប្រវត្តិសាស្ត្រកម្ពុជាដ៏ជូចត់ក្នុងសម័យអតីតកាល ស្របនឹងវីរៈភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតីក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា ដោយបាននាំមកនូវសុខសន្តិភាពពេញលេញដល់សព្វថ្ងៃនេះ ។
ជាកិច្ចបញ្ចប់ លោក សុខ ពេញវុធ បាន ឧបត្ថម្ភថវិកា និងបច្ច័យ ដល់ព្រះសង្ឃសមាជិក និងប្អូនៗសិស្សនិស្សិតសរុបចំនួន ២៥៦អង្គ-នាក់ ដោយម្នាក់ៗទទួលបាន ២០,០០០រៀល ស្មើនឹង ៥,១២០,០០០រៀល និង ប្រគេនព្រសង្ឃគណៈអធិបតីចំនួន ២,០០០,០០០រៀល សរុបថវិកាចំនួន ៧,១២០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។