ក្នុងអាណត្តិ លោក ជាម សោភ័ណ្ឌ ជាអភិបាលខេត្ត និង លោក ម៉ុន មាគ៌ា ជាស្នងការខេត្ត ល្បែង (ជល់មាន់ អាប៉ោង) បន្តលួចបើកលេងច្រើនកន្លែង!
ខេត្តត្បូងឃ្មុំ ៖ គោលនយោបាយ ភូមិឃុំ មានសុវត្ថិភាពទាំង៧ចំនុចរបស់ រដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ អនុវត្ដន៍ទូទាំងប្រទេសក្ដី តែអាជ្ញាធរ និងសមត្ថកិច្ច ពាក់ពន្ធ័មួយចំនួន ហាក់មិនគោរព និងយកទៅអនុវត្តអោយមានប្រសិទ្ធភាពនៅឡើយ។
ជាក់ស្ដែងទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ដែលស្ថិតនៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ម្ចាស់ទីតាំង ត្រូវគេបង្ហើបប្រាប់ថា មានឈ្មោះ ហាក់ បាននឹងកំពុងបើកដំណើរការយ៉ាងរលូនលេងជារាងរាល់ថ្ងៃ ដោយមិនញញ្ញើត អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។
ប្រភពពីអ្នកចេញចូលលេងល្បែងស៊ីសង មាន់ជល់ និងអាប៉ោង បានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាចំពោះទីតាំងជល់មាន់នឹងអាប៉ោងនេះ គឺបើកលេងដុះស្លែរ ទៅហើយហើយ ម្យ៉ាងវិញទៀតនោះម្ចាស់ទីតាំងបានរត់ការគ្រប់ច្រករហកអស់ហើយ ពោលគឺបើកលេងយ៉ាងសេរីចំពោះអាជ្ញាធរ និងសមត្ថកិច្ច មិនចាំបាច់ព្រួយបារម្ហឡើយ។
ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់ និងអាប៉ោងមួយនេះពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់។
ពលរដ្ឋ ដាក់ការសង្ស័យថា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំង អស់ហើយទេដឹង ឬមួយខ្លាចបែកឆ្នាំងបាយបានជាមិនហ៊ានបង្ក្រាប បណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងបើកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងទៅវិញ។
ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កើតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម ក៏ដូចក្នុងមូលដ្ឋានផងដែរ។
ជុំវិញករណីខាងលើនេះ លោកអធិការស្រុកក្រូចឆ្មារ បានប្រាប់មកអង្គភាពសារព័ត៌មានយើង តាមប្រពន្ធ័អេឡិចត្រូនិច (Telegram) ថា លោកនឹងចាត់កម្លាំងឲ្យចុះទៅ។
បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាមានវិធានការបង្ក្រាបនូវល្បែងស៊ីសងជល់មាន់ និងអាប៉ោង ទាំងនេះផងទាន បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើក លោក ជាម សោភ័ណ្ឌ ជាអភិបាលខេត្ត និង លោក ម៉ុន មាគ៌ា ជាស្នងការខេត្ដកន្លងមក តែងតែដោះស្រាយរាល់បញ្ហាប្រឈមនានា ជូនពលរដ្ឋ ហើយ ពួកគាត់ នៅតែសង្ឈឹមយ៉ាងមុតមាំថា លោកទាំងទ្វេរនិងមានចំណាត់ការចំពោះករណីល្បែងស៊ីសងទាំងនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុចផង៕