ក្រោយ សម្តេចតេជោ ព្រមានធ្ងន់ៗចំៗមក អភិបាលខេត្តកំពង់ឆ្នាំង ស្ទុះស្ទារ បង្ក្រាបបទល្មើសនេសាទ ក្នុងតំបន់បឹងទន្លេសាប!

កំពង់ឆ្នាំង ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះចំនួន៤ក្រុម បន្តចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ កំពង់លែង ជលគីរី កំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង។

 

លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី២៤ ខែមីនា រហូតមកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងចម្រុះបានចេញប្រតិបត្តិការយ៉ាងសស្រោកសស្រាំសម្រេចបានលទ្ធផលរួមមាន បានរុះរើរបាំងសាច់អួន ចំនួន ៩៨កន្លែង ប្រវែង ៦៥៣៥ម៉ែត្រ ដកបង្គោល ចំនួន ៣ ៧៤០ ដើម រុះរើលបលូសាច់អួន ១២១លូ រុះរើសម្រាស់ ចំនួន ១១៩កន្លែង ទំហំសរុប ១៥ ៥១៥ម៉ែត្រការ៉េ ដកបង្គោល ២៧៧០ដើម រុះរើមែកសម្រាស់ប្រមាណជិត ៣ម៉ឺនមែក រុះរើសាច់អួន ចំនួន ៦វង់ រុះរើរបាំងស្បៃមុង ៧កន្លែង ប្រវែង ៣០០ម៉ែត្រ លូស្បៃមុង ៧លូ រុះរើរបាំងឈើចំនួន ៥កន្លែង ប្រវែង ៥០០ម៉ែត្រ ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តល្មើសចំនួន ៤នាក់ រួមនឹងវត្ថុតាងមួយចំនួន។

អភិបាលខេត្តកំពង់ឆ្នាំង សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពជុំវិញខេត្ត ដែលបានយកអស់កម្លាំងកាយចិត្ត រួមកម្លាំងគ្នាចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ និងទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងយើង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមានធ្ងន់ៗថា  បើបង្រ្កាបបទល្មើស បឹងទន្លេសាប មិនបាន មិនបាច់ធ្វើជា ចៅហ្វាយខេត្ត មិនបាច់ធ្វើ រដ្ឋមន្រ្តីកសិកម្ម មិនបាច់ធ្វើ រដ្ឋមន្ត្រីធនធានទឹក មិនបាច់ធ្វើ រដ្ឋមន្ត្រីបរិស្ថាន បើធ្វើប៉ុណ្ណឹងមិនឈ្នះ មិនបាច់មិនធ្វើ មេទាហាន មេប៉ូលិស អីទេ!

សម្តេចតេជោ ថ្លែងបែបនេះ កាលពីទី២៣ ខែមីនា ឆ្នាំ២០២២នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អត្ថបទដែលជាប់ទាក់ទង
Open

Close