អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បំភ្លឺហើយ ករណី tiktok ឈ្មោះ Douna Chin បង្ហោះកាលពីប៉ុន្មានថ្ងៃមុនថា…!

ខេត្តសៀមរាប៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្ដិយស សូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាន នៅតាមបណ្ដាញទំនាក់ទំនងសង្គម និងសាធារណជន មេត្តាជ្រាបថា៖កន្លងទៅថ្មីៗនេះមានបណ្ដាញសង្គម TIK TOK ដែលមាន គណនី ឈ្មោះ Douna Chin បាននិយាយបង្ហោះដែលមានខ្លឹមសារថា ៖ មានខ្សែកាបតកាត់កណ្ដាលផ្លូវមើលមិនឃើញ ជិះបុកផ្ដាច់ជាប់ឡាន មិនហ៊ានចុះមើល ស្ងាត់ពេករហូតដល់ស្វាយធំ បានហ៊ានចុះមើល នៅម្ដុំចុះពីកំពង់ក្ដីមកសៀមរាប…!

បន្ទាប់ពីទទួលព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្ដសៀមរាប បានដាក់បទបញ្ជាទៅកាន់ លោកវរសេនីយ៍ទោ តាំង លីហេង អធិការនគរបាលស្រុកជីក្រែង ដើម្បីធ្វើការចុះស្រាវជ្រាវ ទៅដល់ទីតាំងភូមិសាស្រ្ដជាក់ស្ដែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន ដែលលទ្ធផលទទួលបាន មានដូចខាងក្រោម ៖ កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២២:០០ មានគ្រោះធម្មជាតិខ្យល់កន្រ្ដាក់ បណ្ដាលឳ្យដើមគ ដែលងាប់មួយដើម រលំសង្កត់លើខ្សែភ្លើងដែលមានប្រជាពលរដ្ឋតកាត់ទទឹងផ្លូវ ឈ្មោះ អ៊ុក ស៊ីខន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិដូនរាជ្យ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដែលធ្វើឳ្យខ្សែភ្លើងធ្លាក់ចុះមកទាបជាងមុន ជូននឹងពេលនោះ ចរន្ដអគ្គីសនីទូទាំងស្រុកជីក្រែងបានដាច់ ខណៈពេលនោះមានរថយន្ដរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរពីភ្នំពេញ មកសៀមរាប (ពីទិសកើត មកទិសលិច) បានទាក់ខ្សែភ្លើង បណ្ដាលឳ្យដាច់ខ្សែភ្លើង ជាប់តាមរថយន្ដ ។

ចំពោះករណីនេះ ក្រោយពីការស្រាវជ្រាវដ៏ល្អិតល្អន់ របស់សមត្ថកិច្ចមូលដ្ឋានស្រុកជីក្រែង រូចមកគឺពុំមានករណីកើតឡើងដូច ម្ចាស់គណនី Douna Chin បាននិយាយបង្ហោះនោះទេ ពោលគឺជា ឧប្បទវហេតុគ្រោះធម្មជាតិ ខ្យល់កន្រ្ដាក់ បណ្ដាល់ឳ្យរលំដើមគ ទៅលើខ្សែភ្លើងធ្លាក់ចុះទាប ទាក់ជាប់ទៅនិងរថយន្ដ អ្នកធ្វើដំណើរ នៅចន្លោះគីឡូម៉ែត្រលេខ 257 និងគីឡូម៉ែត្រ258 ស្ថិតនៅក្នុងភូមិសាស្រ្ដខាងលើតែប៉ុណ្ណោះ ។

សន្និដ្ឋាន ៖ ករណីខាងលើ គឺជាករណីគ្រោះធម្មជាតិខ្យល់កន្រ្ដាក់ រលំដើមឈើ ទៅលើខ្សែភ្លើងធ្លាក់ចុះមកទាប បណ្ដាលឳ្យទាក់ទៅនិងរថយន្ដ បងប្អូនអ្នកធ្វើដំណើរឆ្លងកាត់ ភូមិសាស្រ្ដខាងលើ តែប៉ុណ្ណោះ មិនមែនជាករណីតខ្សែកាប កាត់ទទឹងផ្លូវ ដើម្បីធ្វើសកម្មភាពល្មើសច្បាប់ ទៅលើបងប្អូន អ្នកធ្វើដំណើរនោះទេ ។

អាស្រ័យហេតុនេះ សូម អ្នកសារព័ត៌មាន បណ្ដាអ្នកនិយមតាមដានព័ត៌មាន នៅតាមបណ្ដាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close