ខេត្តបាត់ដំបង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា បើបង្រ្កាបបទល្មើស បឹងទន្លេសាប មិនបាន មិនបាច់ធ្វើជា ចៅហ្វាយខេត្ត មិនបាច់ធ្វើ រដ្ឋមន្រ្តីកសិកម្ម មិនបាច់ធ្វើ រដ្ឋមន្ត្រីធនធានទឹក មិនបាច់ធ្វើ រដ្ឋមន្ត្រីបរិស្ថាន បើធ្វើប៉ុណ្ណឹងមិនឈ្នះ មិនបាច់មិនធ្វើ មេទាហាន មេប៉ូលិស អីទេ!
សម្តេចតេជោ ថ្លែងបែបនេះ កាលពីទី២៣ ខែមីនា ឆ្នាំ២០២២នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រោយ សម្តេចតេជោ ចេញបទបញ្ជាភ្លាម ស្រាប់តែ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងព្រមានធ្ងន់ៗ ដល់មន្រ្ដីណាដែលមានការពាក់ព័ន្ធ ទៅនឹងបទល្មើសនេសាទ ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីរបាយការណ៍លទ្ធផលនៃការស្រង់ព័ត៌មាន ដែលប្រជាពលរដ្ឋកាន់កាប់អាស័្រយផលជាក់ស្ដែងយូរឆ្នាំ នៅក្នុងខេត្តបាត់ដំបង ស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខត្តបានត់ដំបង បានមានប្រសាសន៍ណែនាំទៅដល់បណ្ដាស្រុកពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ត្រូវតែបន្តក្នុងការទប់ស្កាត់ការបំផ្លិចបំផ្លាញនូវសម្បត្តិធម្មជាតិរបស់រដ្ឋ និងជាពិសេសធ្វើការបង្រ្កាបទៅលើជនណាដែលមានសកម្មភាពបំផ្លិចបំផ្លាញទាក់ទងទៅនឹងបទល្មើសព្រៃឈើ ព្រៃលិចទឹក ដែនអភិរក្សផ្សេងៗ ដោយមិនត្រូវមានការលើកលែងឡើយ គឺត្រូវតែធ្វើការអនុវត្តទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម បានបន្តណែនាំ និងជំរុញដល់ អភិបាលស្រុក មន្រ្ដីជំនាញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែប្ដេជ្ញាចូលរួមសហការឲ្យបានទប់ស្កាត់បទល្មើសនេសាទ នៅតំបន់បឹងទន្លេសាបនៅក្នុងភូមិសាស្រ្ដរបស់ខ្លួន ក្នុងករណីមានបទល្មើសនេសាទ មិនថាទ្រង់ទ្រាយធំឬតូចត្រូវតែធ្វើការទប់ស្កាត់ ដើម្បីរក្សានូវពូជមច្ឆជាតិនៅក្នុងបឹងទន្លេសាបកុំឲ្យបាត់បង់ ។
ឯកឧត្តម ក៏បានសង្កត់ធ្ងន់ទៅដល់មន្រ្ដីណាដែលមានការពាក់ព័ន្ធ ទៅនឹងបទល្មើសខាងលើ ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ និងត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ហើយមិនត្រូវធ្វើគេចវេសឡើយ បើពុំនោះទេនឹងត្រូវប្រឈមមុខច្បាប់ដោយមិនត្រូវមានការ លើកលែងជាដាច់ខាត៕