សម្ដេចក្រឡាហោម ស ខេង ចាត់តាំងមន្ត្រីខុទ្ទកាល័យនាំយកថវិកា នាំថវិកា ៥ពាន់ដុលារ ប្រគល់ជូនលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ
ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មាន អំពីស្ថានភាពសុខភាពលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ កំពុងស្ថិតក្នុងការព្យាបាលជំងឺលើសឈាម ចាប់ពីថ្ងៃទី១៩ ខែមីនា ២០២២ មកនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់តាំងមន្ត្រីខុទ្ទកាល័យនាំយកថវិកា ឧបត្ថម្ភរបស់ សម្ដេច និង លោកជំទាវ ចំនួន ៥០០០ ដុល្លារ ប្រគល់ជូនលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ ដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យប៉ាស៊ីហ្វិកភ្នំពេញ។
ស្ថានភាពសុខភាពលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ បានប្រសើរគ្រាន់បើច្រើនជាងថ្ងៃដែលលោកចូលមន្ទីរពេទ្យដំបូងកាលពីថ្ងៃទី១៩ ខែមីនា ប៉ុន្តែលោកនៅមិនទាន់អាចដើរបាននៅឡើយទេ។ អំណោយថវិការបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ដែលបានប្រគល់ជូនលោកវីរៈសិល្បៈនាពេលនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេច និងលោកជំទាវ ចំពោះលោកវីរៈសិល្បៈករដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិរក្សនិងលើកកម្ពស់វិស័យសិល្បៈ ពិសេសសិល្បៈអាយ៉ៃ។
លោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ មានសេចក្ដីរំភើបក្ដុកក្ដួលយ៉ាងក្រៃលែងចំពោះទឹកចិត្តសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមរបស់សម្ដេចក្រឡាហោម និងលោកជំទាវដែលបានផ្ដល់នូវថវិកាឧបត្ថម្ភ ដើម្បីរួមចំណែកសម្រាលបន្ទុកនៃការចំណាយព្យាបាលជំងឺរបស់លោកក្នុងគ្រានេះទៀត បន្ទាប់ពីសម្ដេច និងលោកជំទាវ តែងតែបានយកចិត្តទុកដាក់ខ្ពស់ផ្ដល់ការឧបត្ថម្ភគាំទ្រទាំងថវិកា និងស្បៀងអាហារជាទៀងទាត់ដើម្បីទ្រទ្រង់ដល់ដំណើរបង្រៀន និងរៀនអាយ៉ៃ នៅសាលាបង្រៀនអាយ៉ៃ ព្រហ្ម ម៉ាញ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។
សូមបញ្ជាក់ថា ដើម្បីរួមចំណែកអភិរក្ស និងលើកស្ទួយវិស័យសិល្បៈអាយ៉ៃនៅកម្ពុជា សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ក៏បានផ្ដល់ការគាំទ្រនូវថវិកា និងស្បៀងអាហារជាទៀងទាត់ចាប់ពីចុងឆ្នាំ២០២១មក ហេីយចាប់តាំងពីដេីមឆ្នាំ២០២២មក ដោយបានបន្ថែមចំនួនទឹកប្រាក់ពី២០០០ដុល្លារទៅ២៣០០ដុល្លារ ក្នុងមួយខែ ជូនសាលាបង្រៀនអាយ៉ៃបុរាណ ព្រហ្ម ម៉ាញ ដែលកំពុងបណ្ដុះបណ្ដាលធនធានជំនាន់ក្រោយ ឱ្យចេះនូវជំនាញសិល្បៈដ៏មានប្រជាប្រិយ៍មួយនេះ៕