ក្រោយព័ត៌មាន ផ្សាយថា «បែកធ្លាយដំណឹងសង្ស័យ ចៅហ្វាយស្រុកល្វាឯម ចង់ស៊ីដាច់លុយកុំមីស្យុង ពីអ្នកគួកជេដី»..! ថ្ងៃនេះ អភិបាលស្រុកល្វាឯម..

ខេត្តកណ្តាល៖ ក្រោយពីមានការចុះផ្សាយ របស់គេហទំព័រ ព័ត៌មានមួយ ដែលមានចំណងជើងថា «បែកធ្លាយដំណឹងសង្ស័យចៅហ្វាយស្រុកល្វាឯមចង់ស៊ីដាច់លុយកុំមីស្យុងពីអ្នកគួកជេដី» នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២២នេះ លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯមបានបើកកិច្ចប្រជុំជាបន្ទាន់មួយភ្លាមៗដែលមានការចូលរួមពីលោកអភិបាលរងស្រុក មន្ត្រីសាលាស្រុក អធិការរង មេធាវីតំណាងម្ចាស់ដី ម្ចាស់ដី ភាគីឈ្មោះ អ៊ុ ណារ៉េន និងអ្នកសារព័ត៌មានមួយចំនួន សរុប២០នាក់។

នាឱកាសនោះ លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានសាកសួរ និងអនុញ្ញាតឲ្យភាគីពាក់ព័ន្ធបំំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធការទិញ លក់ដីមួយកន្លែង ស្ថិតនៅក្នុងភូមិទួលទ្រា ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។

លោកអភិបាលស្រុកបន្តថា ចំពោះការចុះផ្សាយបំភ្លើស គ្មានការពិតនៅលើបណ្ដាញសង្គម ដោយចោទប្រកាន់មកលើអាជ្ញាធរស្រុកទាក់ទងនឹងការយកលុយកម្រៃជើងសារផ្សេងៗ ដែលផ្ទុយពីទិដ្ឋភាពផ្លូវច្បាប់ និងការផ្ដល់សេវារបស់រដ្ឋបាលស្រុក។

ជាក់ស្ដែង ដីស្នើសុំផ្ទេរសិទ្ធិរបស់ម្ចាស់ដី គឺមានការយឺតយ៉ាវតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ដោយសារដីស្ថិតនៅក្នុងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ ហេតុដូច្នេះរដ្ឋបាលស្រុក ត្រូវរៀបចំគណៈកម្មការដីរដ្ឋថ្នាក់ស្រុកចុះពិនិត្យវាយតម្លៃពីព្រោះភូមិសាស្ត្រ នៃដីស្នើសុំមានស្ថានភាពស្មុគស្មាញ ហើយជាប់នឹងបឹងល្បះស្នោដែលមានទំហំសរុបរហូតដល់ជាង២០ហិកតា ដែលតម្រូវឱ្យមានការស្នើសុំទៅគណៈកម្មការដីរដ្ឋខេត្តពិនិត្យនិងសម្រេច។

លោក កន សុខកាយ បន្តទៀតថា ចំពោះការស្នើសុំផ្ទេរសិទ្ធិដីធ្លីគឺត្រូវបានអនុវត្តទៅតាមនីតិវិធីសូរិយោដីជាធរមានហើយរដ្ឋបាលស្រុកមិនដែលពាក់ព័ន្ធនឹងកម្រៃជើងសារនៃការទិញលក់ដីរបស់បងប្អូនប្រជាពលរដ្ឋទេគឺផ្ដល់តែសេវាប៉ុណ្ណោះ ហេតុដូច្នេះក្រោយមានការចុះផ្សាយតាមគេហទំព័រសារព័ត៌មាននិងបណ្ដាញសង្គមផ្សេងៗរដ្ឋបាលស្រុកមានកាតព្វកិច្ចកោះអញ្ជើញភាគីអ្នកលក់ អ្នកទិញនិងអ្នករត់ការឯកសារមកសាកសួរ និងឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ ដើម្បីការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់រដ្ឋបាលស្រុក។ ការចោទប្រកាន់ខាងលើមិនមានមូលដ្ឋានច្បាប់និងជាការប្រមាថមាក់ងាយយ៉ាងខ្លាំងមកលើរដ្ឋបាលស្រុកនិង មន្ត្រីរាជការទូទាំងស្រុក ហេតុដូច្នេះថ្ងៃនេះ ត្រូវឲ្យមានការបញ្ជាក់ច្បាស់លាស់ក្នុងករណី រកឃើញថា ជាព័ត៌មានមិនពិត រដ្ឋបាលស្រុកនឹងអនុវត្តតាមនីតិវិធីច្បាប់។

ជាមួយគ្នានោះដែរ លោកស្រី អ៊ុ ណារ៉េន អ្នករត់ការឯកសារបាននិយាយថា ចំពោះការចុះផ្សាយ នៅលើគេហទំព័រ ព័ត៌មាន មួយ ថា «បែកធ្លាយដំណឹងសង្ស័យចៅហ្វាយស្រុកល្វាឯមចង់ស៊ីដាច់លុយកុំមីស្យុងពីអ្នកគួកជេដី» គឺលោកស្រីសុំទទួលស្គាល់កំហុសនៅចំពោះមុខរដ្ឋបាលស្រុក ដោយសារលោកស្រីមានការអាក់អន់ស្រពន់ចិត្តនឹងឈ្មោះ ប៉ុល វណ្ណៈ ដកឯកសាររត់ការពីលោកស្រីវិញ ហើយលោកស្រីបារម្ភខ្លាចម្ចាស់ដីមិនប្រគល់ប្រាក់កម្រៃជើងសារមកឱ្យលោកស្រី។ លោកស្រី អ៊ុ ណារ៉េន បាននិយាយបញ្ជាក់ច្បាស់ៗថា លោកស្រីមិនបានចំណាយប្រាក់ទៅឲ្យមន្ត្រីណាម្នាក់របស់រដ្ឋបាលស្រុកដើម្បីរត់ការឯកសារនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសាច់រឿងនេះ លោក កន សុខកាយ អភិបាលស្រុកក៏ខិតខំសម្របសម្រួលជួយដោះស្រាយបញ្ចប់បញ្ហារវាង ម្ចាស់ដី និងភាគីឈ្មោះ អ៊ុ ណារ៉េន អ្នករត់ការឯកសារប្រកបដោយជោគជ័យគួរជាទីមោទនៈ ដោយភាគីទាំងសងខាងយល់ព្រមទទួលយកតាមការសម្របសម្រួលដោះស្រាយរបស់អង្គប្រជុំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close