ខេត្តកំពង់ចាម៖ សមត្ថកិច្ច បញ្ជាក់ថា នៅវេលាម៉ោង ១៨ និង១០នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និង ម៉ូតូនៅចំណុចលើស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម បណ្តាលអោយមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
សមត្ថកិច្ច បន្តថា ករណីនេះ បង្កឡើងដោយ រថយន្តម៉ាកអាងទ័រណាស់ស្យូណាល់ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D- 6133 សឺមីសណ្តោងរ៉ឺម៉ក ស៊ីទែនសាំ ពាក់ស្លាកលេខ ភ្នំពេញ 4A-2614 (ជារថយន្តរបស់ ក្រុមហ៊ុនតេលា) បើកបរ ដោយជន មិនស្គាល់អត្តសញ្ញាណ) ក្រោយពេលកើតហេតុ អ្នកបើកបរ បានគេចខ្លួនបាត់ (ទិសដៅពីលិចទៅកើត) បានទៅបុកនឹង ម៉ូតូម៉ាក វីសិន ពណ៌ ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ឈ្មោះ អែល តុងហេង ភេទប្រុសអាយុ ២២ឆ្នាំជាតិខ្មែរ (របួសធ្ងន់) ឌុប ឈ្មោះ ឈន វ៉ាន់ឆៃ ភេទប្រុសអាយុ ២៨ឆ្នាំ ជាតិខ្មែរ (ស្លាប់នៅកន្លែងកើតហេតុ) អ្នកទាំង២នាក់ រស់នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម មិនពាក់មួកសុវត្ថិភាពទាំងពីរនាក់ (ទិសដៅពីលិចទៅកើត) ។
សមត្ថកិច្ច បញ្ជាក់ថា មូលហេតុ ដោយសារ អ្នកបើកបររថយន្ត បើកបរ ខ្វះការប្រុងប្រយ័ត្ន ។
ក្រោយពេលកើតហេតុ ផ្នែកជំនាញបានប្រគល់សាកសព ឈ្មោះ ឈន វ៉ាន់ឆៃ អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី រីឯវត្ថុតាងទាំង២យកមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីស្រាវជ្រាវ រកអត្តញ្ញាណបើកបរ តាមនីតិវិធី ។