ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ឱកាស នៃពិធីសម្ពោធ សមិទ្ធផលនានា នាពេលនេះ គឺជាភ័ព្វសំណាងមួយ ខុសពីសម័យកាលសង្គ្រាម
ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាកាកងទ័ពជើងគោក បានអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសម្ពោធឆ្លងមហាកុដិថ្មី និងសមិទ្ធផលនានា ក្នុងវត្តឧទុម្ពរ (ហៅវត្តល្វា) ស្ថិតក្នុងភូមិល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើ ការចូលរួមអបអរសាទរ និង អនុមោទនាត្រេកអរពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការសម្ពោធឆ្លងសមិទ្ធផលថ្មី ក្នុងទីរាមដ៏ចំណាស់ជាង ១០០ ឆ្នាំមួយនេះ ហើយក៏ជាស្រុកភូមិដែល សម្តេចទាំងពីរ មានប្រវត្តិតស៊ូលំបាកជូរចត់ជាច្រើន ក្នុងដំណាក់កាលដែលប្រទេសជាតិ ស្ថិតក្នុងវិបត្តិសង្គ្រាម ។ ពិតណាស់ ឱកាសនៃពិធី នាពេលនេះ គឺជាភ័ព្វសំណាងមួយខុសពីសម័យកាលសង្គ្រាម ដោយប្រជាពលរដ្ឋចាស់ក្មេង ទាំងអ្នកជំនាន់មុន និងជំនាន់ក្រោយ បានជួបជុំគ្នានៅទីកន្លែងតែមួយក្នុងជំនាន់សុខសន្តិភាពដូចពេលនេះ ជាមួយនឹងបរិយាកាសស្និទ្ធស្នាលសប្បាយរីករាយអបអរសាទរចំពោះការទទួលបានសមិទ្ធផលថ្មីៗ ផ្នែកសាសនា ក៏ដូចជាការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ស្រុកត្បូងឃ្មុំ ជាពិសេស ដំណើរការកសាងផ្លូវជាតិលេខ ៧១c ឆ្លងកាត់បណ្តាឃុំ ហើយដែលនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ដោយនឹងនាំមកនូវសក្តានុពលថ្មីៗសម្រាប់មូលដ្ឋាននេះ ដូចអ្វីដែល សម្តេចតេជោ បានប្តេជ្ញាចិត្តតាំងពីឆ្នាំ១៩៧៩ មក គឺធ្វើយ៉ាងណាកសាងប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើននៅគ្រប់ទីកន្លែង។
ឯកឧត្តម បានលើកឡើងថា រហូតមកដល់ដំណាក់កាលអភិវឌ្ឍដូចបច្ចុប្បន្ននេះ រួចហើយ គឺគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏នៅបន្តផ្តោតលើការជំរុញនាវាកម្ពុជាឱ្យធ្វើដំណើរទៅមុខ ហើយបើទោះជាជួបបញ្ហាប្រឈមច្រើនដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងមកនេះ ក៏រាជរដ្ឋាភិបាលបានខិតខំតស៊ូយកឈ្នះគ្រោះវិបត្តិនេះរហូតជោគជ័យគួរជាទីមោទនៈ ជាពិសេសអាទិភាពសំខាន់ចាំបាច់បំផុត គឺការការពារអាយុជីវិតប្រជាពលរដ្ឋ តាមរយៈការស្រោចស្រពវ៉ាក់សាំង ព្រមជាមួយនឹងការរៀបចំទីតាំងព្យាបាលរបស់រដ្ឋនៅទូទាំងប្រទេសដោយមានការទំនុកបម្រុងថ្នាំសង្កូវ និងអាហារហូបចុកបរិបូរគ្រប់គ្រាន់ ហើយនៅក្នុងដំណាក់កាលនៃការងើបឡើងវិញក្រោយវិបត្តិនេះ រាជរដ្ឋាភិបាលក៏មានយុទ្ធសាស្ត្រ និងផែនការច្បាស់លាស់ក្នុងការស្តារឡើងវិញនូវផលប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ច ដើម្បីជំរុញឱ្យមានកំណើនជាថ្មីបម្រើឱ្យការធានាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយក្នុងនោះវិធានការជាច្រើនត្រូវបាន និងកំពុងបន្តអនុវត្តសម្រាប់ពេលចំពោះមុខ និងរយៈពេលមធ្យមទៅមុខ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមសម្តេចតេជោ បានថ្លែងអំណរគុណចំពោះ អ្នកត្បូងឃ្មុំ ដែលជានិច្ចជាកាលតែងបានគាំទ្រ សម្តេចតេជោ គាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតជាច្រើនអាណត្តិកន្លងមក។ នៅក្នុងជីវភាពរស់នៅ យើងតែងបានខិតខំបំពេញបុណ្យកុសល និងជួយគ្នាទៅវិញទៅមក ដោយធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ តាមអំពើបាបបុណ្យដែលបានសាង។ នៅការដឹកនាំប្រទេស ការធ្វើអំពើល្អ ការដឹកនាំល្អ ការកសាងស្នាដៃ និងសមិទ្ធផលជាក់ស្តែងជាមួយប្រជាពលរដ្ឋ ក៏រមែងបាននាំមកវិញនូវផលបុណ្យនៃការទុកចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋផងដែរ។ គឺដូចអ្វីដែល សម្តេចតេជោ បានខិតខំបម្រើ ការពារ និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋរហូតមកក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ។ ទោះបីលោកមិនទទួលបានឱកាសរៀនសូត្រពេញលេញ ដោយសារផលវិបាកនៃសង្គ្រាម និងអម្រែកភារកិច្ចបម្រើប្រជាពលរដ្ឋ ប៉ុន្តែលោកបានខិតខំបង្កលក្ខណៈគ្រប់បែបយ៉ាង ឱ្យមនុស្សគ្រប់គ្នាមានភ័ព្វសំណាង និងឱកាសរៀនសូត្រទាំងក្នុង និងក្រៅប្រទេស រហូតក្លាយជាបញ្ញាវ័ន្តមានសមត្ថភាពបម្រើការងារជាថ្នាក់ដឹកនាំទាំងនៅក្នុងវិស័យរដ្ឋ ឯកជន និងសង្គមស៊ីវិល ដូចសព្វថ្ងៃនេះ ហើយឱកាសនេះ ក៏នឹងបន្តសម្រាប់អ្នកជំនាន់ក្រោយគ្រប់ជំនាន់ផងដែរ៕