ឯកឧត្តម ហ៊ុន ម៉ាណែត ៖ យុវជន ជាឆ្អឹងខ្នង ដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេនដ៏មុតស្រួច ក្នុងការដឹកនាំកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន រុងរឿង!
ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងពិធីប្រកាសសមាសភាពក្រុមការងារ យុវជនគណបក្សខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានថ្លែងថា ៖ យុវជន ជាឆ្អឹងខ្នង ដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេនដ៏មុតស្រួច ក្នុងការដឹកនាំកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន រុងរឿង។ ដូច្នេះ សូមខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពង្រឹង និងពង្រីកសក្តានុពលរបស់ ខ្លួនឱ្យកាន់តែ រឹងមាំច្បាស់លាស់ទាំងផ្នែកសមត្ថភាពចំណេះដឹងជំនាញ និងផ្នែក ចរិយាសម្បត្តិប្រកប ដោយគុណធម៌ សីលធម៌ រួមជាមួយនឹងស្មារតី និងសកម្មភាពចូលរួម ថែរក្សានូវសមិទ្ធផលដែលមានស្រាប់ឱ្យបានគង់វង្ស និងបន្តពង្រីកបន្ថែមទៀតនូវសមិទ្ធផលវិជ្ជមានថ្មីៗ សម្រាប់ ជាប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។
ឯកឧត្តម ហ៊ុន ម៉ាណែត សូមអរគុណគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ និងអង្គការចាត់តាំងចំណុះ ព្រមទាំងយន្តការចុះជួយគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើ និងចុះសួរសុខទុក្ខ ប្រជា ពលរដ្ឋ ជាប់ជាប្រចាំ។ ទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លា និងភាពរឹងមាំ របស់គណបក្ស ប្រជាជន កម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
នាឳកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត សូមអរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដែលតែងជឿទុកចិត្ត និងគាំទ្រដោយឥតងាករេចំពោះ សម្តេចតេជោ និងគណបក្ស ប្រជា ជន កម្ពុជា ដែលទទួលភារៈដឹកនាំ កសាង និងអភិវឌ្ឍប្រទេសជាតិ ងើបចេញពីភាពក្រីក្រ រហូតមានការរីកចម្រើនឈានឡើងស្មើមុខស្មើមាត់ទាំងក្នុងកម្រិតតំបន់ និងឆាកអន្តរជាតិ ជាពិសេសកម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋកាន់តែ ត្រូវបានលើកកម្ពស់ជាលំដាប់។ នេះគឺជាផលច្ច័យជាផ្លែផ្ការួម នៃការជ្រើសរើសដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងបម្រើប្រកបដោយឆន្ទៈស្មោះត្រង់របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់គណបក្សឱ្យស័ក្តិសមនឹងទំនុកចិត្តដែលទទួលបានពីប្រជាពលរដ្ឋ។