បាត់ដំបង៖ អគ្គិភ័យឆាបឆេះលំនៅដ្ឋានពលរដ្ឋ១ខ្នងខណះម្ចាស់ផ្ទះចំណាក់ស្រុកទៅរកស៊ីនៅព្រំដែនកម្ពុជា ថៃ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្រុមទី១ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុភ្លាមៗនោះប្រជាពលរដ្ឋបានឃើញរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ចេញរថយន្តបង្ការ ពន្លត់អគ្គិភ័យចំនួន១គ្រឿងចុះជួយអន្តរាគមន៍។
ប្រភពព័ត៌មានបានអោយដឹងថា លំនៅដ្ឋានដែលត្រូវអគ្គិភ័យឆាបឆេះនោះ មានទំហំ៤គុណ៦ម៉ែត្រ សង់ផ្ទាល់ដី ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងសង្ក័សី ជាកម្មសិទ្ធិរបស់លោក ឡាម សែម ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។
ប្រភពព័ត៌មានបានបន្តថា៖មូលហេតុដែលបង្កអោយមានអគ្គិភ័យកើតឡើង គឺដោយសារមានជនសង្ស័យម្នាក់ឈ្មោះ រ៉ុន ចិន្ត្រា ភេទប្រុស អាយុ៣៨ឆ្នាំ (ជាជនសន្តិមិនល្អនិងពិការជើង) រស់នៅក្បែរនោះ បានដុតផ្ទះរបស់ជនរងគ្រោះកំទេចចោលឆេះអស់ទាំងស្រុង។
ទ្រព្យសម្បត្តិដែលខាត់បង់ក្នុងហេតុការណ៍នោះ រួមមាន៖ផ្ទះ១ខ្នង គ្រែដេក ចំនួន២ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត សរុបជាទឹកប្រាក់អស់ចំនួនជាង២លានរៀល។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលស្រុកថ្មគោលឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីសាកសួរនិងចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ ៖ សុខ កុសល