ភ្នំពេញ៖ នៅម៉ោង ៩ និង០០ នាទីព្រឹក ថ្ងៃសុក្រ ១រោច ខែ ផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២២នេះ រដ្ឋបាលខណ្ឌមានជ័យ បន្តសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងក្រុមហ៊ុនស៊ិនទ្រី ដែលដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ចុះកាយសំរាមដែលកកស្ទះតាមប្រឡាយ ចាប់ពីចំណុចស្ពានមុខពេទ្យរុស្សី ព្រំប្រទល់សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមសហការ រថយន្តកាយសំរាម (អាអ៉ិច ១គ្រឿង) រថយន្តដឹកសំរាម ចំនួន៣ គ្រឿង របស់មន្ទីរសាធារណការ និង រថយន្តដឹកសំរាម ចំនួន៣ គ្រឿង របស់ក្រុមហ៊ុន ស៊ិនទ្រី សរុបរថយន្តដឹកសំរាម ចំនួន ០៦គ្រឿង ក្នុងនោះរថយន្តមន្ទីរសាធារណការ ដែលបានដឹកសំរាមចេញ ចំនួន ៥ជើង ក្នុងមួយឡាន សរុបទាំងអស់ ១៥ជើង និង រថយន្តក្រុមហ៊ុន ស៊ិនទ្រី ដឹកចេញបាន ៩ជើង សរុបរួមក្នុងការដឹកសំរាមចេញ ចំនួន ២៤ជើង ។
ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរឲ្យបងប្អូនប្រជាប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ ដែលរស់នៅជុំវិញប្រឡាយ សូមកុំចោលសំរាម ឬសំណល់រឹង ចូលក្នុងប្រឡាយពាសវាលពាសកាល វាអាចបណ្តាលអោយមានការកកស្ទះសំរាម និង បាត់បង់សណ្តាប់ធ្នាប់សាធារណៈ ហើយត្រូវវិចខ្ចប់ប្រភេទសំរាម និងដាក់ធុងសំរាម អោយបានត្រឹមត្រូវ ម្យ៉ាងវិញទៀតអាចប៉ះពាល់ដល់សោភ័ណភាពទីក្រុងថែមទៀតផង ទីក្រុងស្អាត មូលដ្ឋានស្អាត ប្រទេសមានបរិស្ថានល្អ គឺផ្តើមចេញពីយើងផ្ទាល់ ។