អគ្គិភ័យ ឆាបឆេះ ខុនដូ នៅជាន់ទី២២ នៃអាគារ ​ដាយមិនធ្វីន ថោវើ កោះពេជ្រ (Diamond Twin Tower)

ភ្នំពេញ៖ យោងតាមផេក​ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ អគ្គិភ័យមួយបានឆាបឆេះអាគារខុនដូ មួយកន្លែង ដែលមានយីហោ ដាយមិនធ្វីនថោវើ ក្នុងនោះបានបណ្តាលឲ្យមានមនុស្ស​ ៣នាក់រងរបួស ព្រមទាំងបំផ្លាញសម្ភារៈអស់ទាំងស្រុង​ និងមនុស្សជាង​ ៣០នាក់​ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះយកចេញពីក្នុងអាគារខាងលេីនេះដោយសុវត្ថិភាព។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥ និង ១៥នាទីល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចអាគារខុនដូ ដាយមិនធ្វីនថោវើ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានអគ្គិភ័យកំពុងឆាបឆេះអាគារខុនដូ មួយកន្លែង និងមានជាប់មនុស្សច្រើននាក់នៅខាងលើ​ ដោយមិនអាចចុះមកក្រោមបាន ភ្លាមៗនោះ លោកក៏បានបញ្ជាទៅកម្លាំងសមត្ថកិច្ចជំនាញគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ឲ្យចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ផងដែរ។ ដោយនៅក្នុងប្រតិបត្តិការនេះដែរ លោកវរសេនីយ៍ឯក ក៏បានបញ្ជាឲ្យយករថយន្តពន្លត់អគ្គិភ័យ ដែលជាប្រភេទជណ្តើរមានកម្ពស់ ៥៤ម៉ែត្រ ដែលអាចធ្វើការជួយសង្គ្រោះមនុស្សនៅជាន់ទី១០ ទៅដល់ជាន់ទី១២។ ជាក់ស្តែង នៅពេលដែលកម្លាំងជំនាញរបស់យើងមកដល់ទីតាំងកើតហេតុ គឺកម្ពស់ដែលអគ្គិភ័យឆាបឆេះនោះ គឺស្ថិតនៅជាប់ទី១៦ រហូតដល់ជាន់ទី៣១តែម្តង។
លោកវរសេនីយ៍ឯក បានបន្តថា ដោយសារតែរថយន្តពន្លត់អគ្គិភ័យរបស់យើង ដែលជាប្រភេទជណ្ដើរនោះ មានកម្ពស់ ៥៤ម៉ែត្រ ស្មើរនឹងជាន់ទី១០ ទៅជាន់ទី១២ ដូច្នេះ យើងមិនអាចធ្វើការពន្លូតឡើង​ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋបានឡើយ។ ភ្លាមៗនោះ លោកក៏បានសម្រេចចិត្តដឹកនាំកម្លាំងសមត្ថកិច្ចជំនាញដោយដើរថ្មើរជើងពីជាន់ទី១ រហូតទៅដល់ជាន់ទី៣១ ដើម្បីធ្វើការជួយសង្គ្រោះយកមនុស្សដែលជាប់គាំងនៅខាងក្នុងអាគារខាងលេី​នេះ​ ដោយមានមនុស្សប្រុសស្រីក្មេងចាស់ជាច្រេីននាក់​កំពុងជាប់គាំងនៅលេីអាគារ​ និងត្រូវបានជួយសង្គ្រោះយកចុះមកក្រោម ដោយសុវត្ថិភាពផងដែរ។
ដោយនៅក្នុងរង្វង់ប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះនេះ គឺកម្លាំងជំនាញរបស់យើង បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ ចំនួន ២៥គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តជំនួយមកពី ក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ពុំបានប្រើប្រាស់ទឹកអស់, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ៧គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៥គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តផ្សារទំនើប អូឡាំព្យា ចំនួន ២គ្រឿង ពុំបានបនរើប្រាស់ ដោយសារ តែទីតាំងអាគារខុនដូខាងលើនេះ មានប្រពន្ធការពារអគ្គិភ័យ និងមានបំពង់ទុយោសម្រាប់ប្រើប្រាស់ ដូច្នេះ សមត្ថកិច្ចជំនាញរបស់យើងបានយកមកប្រើប្រាស់ក្នុងប្រតិបត្តិការបាញ់ឲ្យរលត់ទាំងស្រុង។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ចំពោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញ ថ្មបេតុង ដែលមានទំហំ ៧០ម៉ែត្រ x ១០០ម៉ែត្រ កម្ពស់ ៣២ជាន់ និងបណ្តាលឆេះខូចខាតសម្ភារៈរួមមាន ប្រអប់ភ្លើងពីជាន់ទី១៦ ដល់ជាន់ទី៣១ អស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
យ៉ាងណាមិញ សម្រាប់ប្រតិបត្តិការនេះ គឺសមត្ថកិច្ចជំនាញ បានធ្វើការគ្រងគ្រងបាននៅវេលាម៉ោង ៧ និង ០០នាទីយប់ថ្ងៃដដែរ។
សម្រាប់គ្រោះអគ្គិភ័យខាងលើនេះ គឺបានបណ្តាលឲ្យមានមនុស្សចំនួន ៣នាក់រងរបួស ក្នុងនោះមាន (ក្មេងប្រុស ១នាក់, ក្មេងស្រី ១នាក់ និងស្ត្រី ១នាក់) ដោយពុំស្គាល់ឈ្មោះនោះទេ។ ចំពោះមូលហេតុ ដែលបង្កឲ្យមានគ្រោះអគ្គិភ័យកើតឡើងនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ៕
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើ កម្លាំងគណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌ បានសហការជាមួយការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះអន្តរាគមន៍ពន្លត់ផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close