ខេត្តបាត់ដំបង ៖ អនុវត្តតាមបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះកាលពីថ្ងៃទី ១៦ ខែ មីនាឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ រួមជាមួយកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបចុះប្រតិបត្តិការ បង្ក្រាបករណី ល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) ចំនួន២ទីតាំងផ្សេងគ្នា នៅក្នុងក្រុងបាត់ដំបងដែលក្នុងនោះគឺ៖
ទីតាំងទី១ ស្ថិតនៅក្នុងភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំខ្លួនមនុស្សចំនួន ០៧ នាក់ ។
ទីតាំងទី២ ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំខ្លួនមនុស្សចំនួន៩ នាក់ ដោយនាំមកកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ធ្វើការសាកសួរស្រាវជ្រាវ។
វត្ថុតាងដកហូតរួមមាន ៖
– វិទ្យុទាក់ទងចំនួន ០៦ គ្រឿង
– ទូរសព្ទ័ដៃ ចំនួន ២៥ គ្រឿង
– រថយន្តចំនួន ០៤ គ្រឿង
– ម៉ូតូចំនួន ០៨ គ្រឿង
– ម៉ូតូកង់បីឥណ្ឌា ចំនួន ០១ គ្រឿង
– កង់ ចំនួន ០១ គ្រឿង ។
សូមជម្រាបជូនថា នៅពេលលេចឮ នូវករណី អ្នកញៀនល្បែងទឹកភ្លៀងមានសកម្មភាពលេងនោះ លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដាក់ បទបញ្ជាដល់ផែនជំនាញរួមទាំងអធិការនគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវ ដែលក្នុងនោះអ្នកលេងមិនបានប្រមូលផ្តុំគ្នានៅ ចំណុចពីមុននោះទេ គឺគាត់បានបំប្លែងរូបភាពទៅកាន់ទីតាំងផ្សេងៗដែលស្ថិតនៅឆ្ងាយពីទីប្រជុំជន ហើយបែងចែករូបភាពតូចៗ។
នៅទីបំផុតក្នងថ្ងៃទី១៦ខែ មីនាឆ្នាំ២០២២ ជាថ្ងៃដែលផ្ទៃមេឃមានសភាពអួរអាប់ខ្លាំងក្នុងក្រុងបា ត់ដំបង អ្នកលេងទឹកភ្លៀងក៏ផ្តើមបង្ហាញតម្រុយនៅមូលដ្ឋានខាងលើ ហើយយសមត្ថកិច្ចតាមចាប់បានលើចំនួន២គោលដៅខាងលើ។
ជាមួយនឹងការសាកសួររបស់សមត្ថកិច្ចបានឱ្យដឹងថា អ្នកលេងគេបានប្តូរយុទ្ធវិធី ហើយពោល គឺគ្មានមេ គ្មាន កូនអ្វីទេ ឱ្យតែណាត់គ្នាត្រូវគេផ្តើមភ្នាល់តែម្តង ពិសេសនៅពេលដែល ស្ថានភាពមេឃចង់ភ្លៀង ។
ជាក់ស្តែងនៅក្នុងករណីខាងលើនេះ អ្នកលេងគេបានណាត់គ្នា យកសំយាបបង្គន់អនាម័យសាធារណៈមួយនៅចំណតរថយន្តផ្សារបឹងឈូកធ្វើជាទីតាំងភ្នាល់ នៅពេលណាដំណក់ទឹកភ្លៀងស្រក់ចុះពីសំយាបនោះដល់ដីគេយកជាបានការក្នុងការភ្នាល់។
អ្នកលេងល្បែងភ្នាល់ទឹកភ្លៀង ទាំង១៦នាក់ និងវត្ថុតាងផង បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ហើយ៕