ពលរដ្ឋម្នាក់ ប្ដឹងឧកញ៉ា នួន អក ទៅអភិបាលខេត្តកំពត ទាមទារប្រាក់មកវិញ បន្ទាប់ពីទិញដីឡូតិ៍រាប់ឆ្នាំ មិនទទួលបានប្លង់កម្មសិទ្ធិ!
កំពត៖ បន្ទាប់ពីរងចាំអស់រយៈពេលជាង ៣ឆ្នាំ នៅតែមិនទាន់ទទួលបានប្លង់ដីដើម្បីកាន់កាប់ស្របច្បាប់តាមការសន្យារបស់លោកឧកញ៉ា នួន អក នៅថ្ងៃនេះពលរដ្ឋម្នាក់បានសម្រេចដាក់ពាក្យប្ដឹងលោកឧកញ៉ា សម្បូររឿងអាស្រូវដីធ្លីរូបនេះទៅកាន់សាលាខេត្តកំពតដើម្បីស្នើសុំឱ្យ ឯកឧត្តម ម៉ៅ ធនិន ជួយរកយុត្តិធម៌។
យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះ មានឈ្មោះ ហែម ហំ ជាដើមបណ្ដឹង បានទិញដីចំនួន ៤ឡូតិ៍ពីលោកឧកញ៉ា នួន អក ប្រធានក្រុមហ៊ុន BLUR BAY LAND DEVELOMENT CO.,LTD នៃគម្រោង ដូងទេទី៣ នៅជាប់មាត់ព្រែកកំពត ដែលមានទីតាំងនៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ក្នុងតម្លៃ ៨,០០០ ដុល្លារក្នុងមួយឡូតិ៍ ដែលមានទឹកប្រាក់សរុបចំនួន ៣២,០០០ដុល្លារ ក្នុងតម្លៃសរុប ៣២,០០០ដុល្លារ និងបានប្រគល់លុយគ្រប់ចំនួនឱ្យលោកឧកញ៉ា នួន អក តាំងពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩មកម្លេះ។
ដើមបណ្ដឹង បានរៀបរាប់ថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បងស្រីរបស់ខ្លួនឈ្មោះ ជួប សុខខេង និងឈ្មោះ ហែម ភា បានសម្រេចចិត្តទិញដីឡូតិ៍ចំនួន ៤ឡូតិ៍ (B20,B21,B22,B23) ពីក្រុមហ៊ុនរបស់លោកឧកញ៉ា នួន អក នៅក្នុងគម្រោង ដូងទេទី៣ នៅជាប់មាត់ព្រែកកំពត ដោយក្រុមហ៊ុនបានតម្រូវឱ្យបង់ជា ៣ដំណាក់កាល៖
-ដំណាក់កាលទី១ បង់ចំនួន ៤,០០០ ដុល្លារ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨
-ដំណាក់កាលទី២ បង់ចំនួន ១២,០០០ ដុល្លារ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨
-ដំណាក់កាលទី៣ បង់ផ្ដាច់ចំនួន ១៦,០០០ដុល្លារ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩
នៅក្នុងកិច្ចសន្យាទិញ-លក់ដីឡូតិ៍ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ប្រការ ២.៤ លោកឧកញ៉ា នួន អក បានសន្យាថា នឹងផ្តល់លិខិតផ្ទេរកម្មសិទ្ធិដីឡូតិ៍ខាងល់ជូនភាគីអ្នកទិញ យ៉ាងយូរចន្លោះពី ៦ខែ ទៅ ៩ខែ គិតចាប់ពីថ្ងៃបង់ប្រាក់ដំណាក់កាលទី២។
ប៉ុន្តែបើទោះជាង ភាគីអ្នកទិញ បានបង់ប្រាក់លើកទី៣ (បង់ផ្ដាច់) ជូនក្រុមហ៊ុន និងរៀបចំឯកសារពាក់ព័ន្ធដើម្បីកាត់ឈ្មោះធ្វើប្លង់ដីពីក្រុមហ៊ុនរួចរាល់ក៏ដោយ ក៏ក្រុមហ៊ុនរបស់លោកឧកញ៉ា នួន អក មិនបានផ្ដល់លិខិតផ្ទេរកម្មសិទ្ធិដីឡូតិ៍ដែលបានទិញនោះជូនភាគីអ្នកទិញ ទៅតាមកាលកំណត់ឡើយ។
ភាគីអ្នកទិញ បានរងចាំ និងផ្ដល់ឱកាសឱ្យភាគីអ្នកលក់គឺលោកឧកញ៉ា នួន អក អស់រយៈជិត ២ឆ្នាំដើម្បីរត់ការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិដីទាំង ៤ឡូតិ៍ខាងលើ ប៉ុន្តែលោកឧកញ៉ា នួន អក នៅតែមិនធ្វើបាន។
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារតែភាគីអ្នកទិញ ឈ្មោះ ជួប សុខខេង និងឈ្មោះ ហែម ភា ត្រូវទៅរស់នៅសហរដ្ឋអាមេរិក មិនអាចនៅរងចាំទទួលប្លង់ដីពីក្រុមហ៊ុនបន្តទៀតបាន ទើបភាគីអ្នកទិញឈ្មោះ ជួប សុខខេង និងឈ្មោះ ហែម ភា សម្រេចដាក់លិខិតស្នើសុំទៅក្រុមហ៊ុនរបស់លោកឧកញ៉ា នួន អក ឱ្យរៀបចំឯកសារផ្ទេរកម្មសិទ្ធិដីឡូតិ៍ទាំង ៤ឡូតិ៍ខាងលើឱ្យទៅដើមបណ្ដឹងឈ្មោះ ហែម ហំ ជាប្អូនប្រុស ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ឱ្យធ្វើជាម្ចាស់កម្មសិទ្ធិបន្ដលើដីទាំង ៤ឡូតិ៍នោះ។
រហូតមកដល់ពេលនេះ ខ្ញុំបាទ ហែម ហំ បានរងចាំលិខិតផ្ទេរកម្មសិទ្ធិដីទាំង ៤ឡូតិ៍នោះ អស់រយៈពេលជិត ១ឆ្នាំកន្លៈបន្តទៀតហើយ ក៏ភាគីលោកឧកញ៉ា នួន អក មិនព្រមប្រគល់ប្លង់ដីឱ្យភាគីអ្នកទិញដែរ។
កន្លងមកភាគីអ្នកទិញ បានព្យាយាមទំនាក់ទំនងទៅក្រុមហ៊ុនរបស់លោកឧកញ៉ា នួន អក ដើម្បីសារសួរព័ត៌មានអំពីការកាត់ឈ្មោះប្លង់ដីទាំង ៤ឡូតិ៍ខាងលើ គឺបុគ្គលិកក្រុមហ៊ុនបានប្រាប់ថា ជិតបានហើយៗ សូមរងចាំបន្តទៅទៀតសិន។
ចាប់តាំងពីប្រគល់ប្រាក់ថ្លៃទិញដីគ្រប់ចំនួនទៅក្រុមហ៊ុនលោកឧកញ៉ា នួន អក រហូតមកដល់ថ្ងៃដាក់ពាក្យប្ដឹងនេះ គឺមានរយៈពេលជាង ៣៧ខែ (ជាង៣ឆ្នាំ) ដែលភាគីអ្នកទិញត្រូវរងចាំប្លង់ដីពីក្រុមហ៊ុនរបស់លោកឧកញ៉ា នួន អក ដែលតែងតែគេសវេសមិនព្រមដោះស្រាយ និងធ្វើឱ្យភាគីអ្នកទិញខាតបង់ទាំងប្រាក់ និងពេលវេលាយ៉ាងច្រើន។
រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ ភាគីអ្នកទិញ នៅពុំទាន់បានទទួលបានប្លង់កម្មសិទ្ធិដីទាំង ៤ឡូតិ៍ទៀត ទើបជនរងគ្រោះ សម្រេចដាក់ពាក្យប្ដឹងសូមឱ្យ ឯកឧត្តម អភិបាលខេត្កកំពត ជួយរកយុត្តិធម៌ដើម្បីទាមទារប្រាក់ដែលខាតបង់ចំនួន ៣២,០០០ដុល្លារត្រលប់មកវិញ និងប្រាក់ជំងឺចិត្តចំនួន ១៩,៧៣៤ ដុល្លារ។
ជុំវិញករណីមានអតិថិជនប្ដឹងខាងលើនេះ អ្នកសារព័ត៌មានមិនទាន់អាចសុំការបំភ្លឺពីលោកឧកញ៉ា នួន អក បាននៅឡើយទេ ដោយសារលេខទួរស័ព្ទរបស់លោកឧកញ៉ា ចុចចូលហើយ ចុចបិទមិនទទួល (កំពុងជាប់រវល់រហូត)។
ប្រភពពីមន្ត្រីមួយចំនួន នៃសាលាខេត្តកំពត បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា លោកឧកញ៉ា នួន អក កំពុងរងបណ្ដឹងច្រើនណាស់ពីពលរដ្ឋរងគ្រោះ ដែលបានទិញដីឡូតិ៍ក្នុងគម្រោងជាច្រើននៅក្នុងខេត្តកំពត របស់លោកឧកញ៉ា។
គួររម្លឹកថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏ធ្លាប់មានស្ត្រីរងគ្រោះម្នាក់ប្ដឹងលោកឧកញ៉ា នួន អក ទៅកាន់សាលាខេត្តកំពត ផងដែរ ពាក់ព័ន្ធករណី ទិញដីឡូតិ៍ គម្រោងឌឺសាគូរ៉ាផាក របស់លោកឧកញ៉ារូបនេះ បង់លុយគ្រប់ជាច្រើនឆ្នាំ ប៉ុន្តែមិនបានប្លង់ដី ហើយពេលនោះដោយសារតែខ្លាចមហាជនដឹងពីអំពើទុច្ចរិតរបស់ខ្លួន ទើបលោកឧកញ៉ា សម្បូររឿងអាស្រូវរូបនេះព្រមសងលុយទៅជនរងគ្រោះដើម្បីបញ្ចប់រឿង៕
អង្គភាពសារព័ត៌មានយើង នឹងផ្សាយជាបន្តបន្ទាប់ទៀត ប្រសិនបើ មានការពន្យល់បកស្រាយពីសាម៉ីភាគីទាំងអស់។