កណ្តាល ៖ នៅស្រុកល្វាឯម ខេត្តកណ្តាល ព្រឹកថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកល្វាឯម។
ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការ មូលដ្ឋានក្រុង-ស្រុកទាំង ១១ ព្រមទាំងមន្រ្តីរាជការជុំវិញស្រុកពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានលើកឡើង ក្នុងនាមលោកជា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត សូមអបអរសាទរ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យជាទីមោនៈកន្លងមក។
ការប្រកាសផ្លាស់ប្តូរមុខតំណែងនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងមានទំនុកចិត្តពីអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃយោធពលខេរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយអាវុធហត្ថ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ និងសង្គមជាតិ។