ជុំវិញរបង មន្ទីរពេទ្យកុមារជាតិ ចាំពលរដ្ឋ ខំមិន ចូលផេក នាយករដ្ឋមន្ត្រី ទើបស្ទុះស្ទារ ប្រឹងធ្វើដូច នៅជុំផ្សារនាគមាស?

ភ្នំពេញ ៖ បញ្ហា សណ្តាប់ធ្នាប់ របៀបរៀបរយ និងការសង្គ្រោះចិញ្ចើមផ្លូវ ពីការរំលោភធ្វើអាជីវកម្មផ្ទាល់ខ្លួន ពីសំណាក់ ក្រុមអាជីវករមួយចំនួន ធ្វើអោយពលរដ្ឋខ្លះ សម្តែងការមិនពេញចិត្ត និងបានចូលទៅខំមិន ក្នុង ហ្វេសប៊ុកផេក របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ ដោយរៀបរាប់ពីទុក្ខលំបាក នៃការធ្វើដំណើរចូលផ្ទះរបស់ខ្លួនឯង ដោយសារតែឡានដឹកបន្លែឈប់លក់ ហើយបានបិទផ្លូវសាធារណៈទាំងស្រុងតែម្ដង ខណៈដែលអាជ្ញាធរខណ្ឌទួលគោក ត្រូវបានប្រជាពលរដ្ឋរិះគន់ថា កំពុងតែធ្វើអ្វីឲ្យពិតប្រាកដ បានជាបណ្តែតបណ្តោយឲ្យភាពអសកម្មទាំងនេះ កើតឡើងជាជំងឺមហារីក ទៅហើយ។

Facebook ខាងលើ ចូលហ្វេសប៊ុកផេក របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានខ្លឹមសារទាំងស្រុងថា ៖ «ជំរាបសួរសម្តេចពុក! ប្រជាពលរដ្ឋរស់នៅទល់មុខផ្សារនាគមាស មានការលំបាកខ្លាំងណាស់ ព្រោះខាងផ្សារបានឲ្យឡានបន្លែឈប់លក់លើផ្លូវ ធ្វើតូបលើផ្លូវបិទផ្លូវសាធារណៈលេខ២៣៤ ទាំងស្រុងតែម្តង។ សម្រាប់ខ្ញុំជាប្រជាពលរដ្ឋចូលផ្ទះម្តងៗ គឺកន្លះម៉ោងទៅមួយម៉ោង ទើបចូលរួច គឺសូម្បីតែដើរចូលផ្ទះសឹងតែមិនរួច កុំថាឡើយជិៈម៉ូតូចូល។ សូម សម្តេចពុក ជួយកូនចៅឲ្យខាងខណ្ឌទួលគោក គឺលោកពូអភិបាល មានវិធានការផង គឺលក់បំពានបិទផ្លូវសាធារណៈទាំងស្រុង ចេញចូលផ្ទះសឹងតែមិនរួច។ អរគុណសម្តេច ជូនពរសម្តេចជួបតែសំណាងល្អ ជោគជ័យគ្រប់ភារកិច្ច»។

សូមបញ្ជាក់ថា បញ្ហាម្ដុំផ្សារនាគមាស ទាំងការបិទផ្លូវសាធារណៈដើម្បីដាក់ទំនិញលក់ដូរ និងបញ្ហាសណ្ដាប់ធ្នាប់នេះ មិនមែនទើបតែកើតមានឡើងនោះទេ ពោលគឺកើតឡើងជាយូរណាស់មកហើយ ទោះបីមានការផ្លាស់ប្តូរ ប្រធានផ្សារ មានការដោះដូរអភិបាលខណ្ឌ ជាបន្តបន្ទាប់ក៏ដោយ តែបញ្ហាដដែលនៅតែដដែល ហើយអ្នកដែលរងទុក្ខ និងជួបការលំបាក គឺប្រជាពលរដ្ឋអ្នកធ្វើដំណើរនេះឯង។

ក្រោយ ពលរដ្ឋ ខាងលើ បានចូលទៅ ខមិន ក្នុង ផេក របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង៨ និង ៣០ ដល់ ម៉ោង១១ និង៣០នាទី លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌ ទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ២៣០ ផ្លូវ២៣១ ផ្លូវ២៣៤ ផ្លូវ២៣៩ ជុំវិញផ្សារនាគមាស និងផ្លូវម៉ៅសេទុង (២៤៥) ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដែលបងប្អូនអាជីវករលក់ដូររំលោភលើចិញ្ចើមផ្លូវ លើផ្លូវ ជាហេតុធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កអោយកកស្ទះចរាចរណ៍លើដងផ្លូវ ដែលបងប្អូនប្រជាពលរដ្ឋទូទៅធ្វើដំណើរឆ្លងកាត់។ ជាពិសេស លោក ជា ពិសី អភិបាលខណ្ឌទួលគោក បញ្ជាកម្លាំងអោយបន្តចុះរៀបចំសណ្តាប់ធ្នាប់ នៅទីតាំងខាងលើ ជាប្រចាំទាំងយប់ទាំងថ្ងៃ។
បើក្រឡេកមកមើល ជុំវិញ មន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី១៤មីនា ២០២២ ឯណេះវិញ ចិញ្ចើមផ្លូវ ត្រូវបានគេរំលោភធ្វើជាចំណត និងធ្វើអាជីវកម្ម ដដែល សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ កន្លងទៅ លោកអភិបាលខណ្ឌទួលគោក បានបញ្ជាអោយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយ លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក និងមានការចូលរួមពី លោកអធិការរងនគរបាលខណ្ឌ លោកនាយករងរដ្ឋបាលសាលាខណ្ឌ លោកចៅសង្កាត់ទឹកល្អក់ទី១ លោកនាយនគរបាលប៉ុស្តិ៍ កម្លាំងនគរបាល និង កម្លាំងប្រជាការពារសាលាខណ្ឌ សរុប ២៣នាក់ បានចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ១១០ ផ្លូវ២៥៧ ជុំវិញរបង មន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក អោយមាន របៀបរៀបរយ ទទួលបានការគាំទ្រពី មហាជន ជាពិសេស អ្នកដំណើរឆ្លងកាត់ បណ្តាលផ្លូវខាងលើ តែមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែ វិធានការក្តៅគគុករបស់ លោក ជា ពិសី អភិបាលខណ្ឌទួលគោក ហាក់ចុះត្រជាក់វិញហើយ ។

សូមជម្រាបថា ចំណុចជ្រុងខាងត្បូងមន្ទីរពេទ្យកុមារជាតិ គឺ ចិញ្ចើមផ្លូវលេខ១១៨ មានតូប និងចត រថយន្ត និងរោងលក់ដូរ ចំណុចខាងលិច ជាកន្លែងចរាច របត់ចុះឡើងផ្លូវសហ័ពន្ធរុស្ស៊ី ឧស្សាហ៍បង្កការកកស្ទះចរាចរណ៍ដោយខាង ក្រុមហ៊ុនធានារ៉ាប់រងឯកជន បានយកចិញ្ចើមផ្លូវរបងមន្ទីរពេទ្យ អស់ពាក់កណ្តាល គឺនៅលើ ផ្លូវលេខ២៥៧ ធ្វើជាចំណតម៉ូតូ ដោយហេតុផលផ្តល់ថវិកា ជូនមន្ទីរពេទ្យថែទាំ និងជួសជុលរបងមន្ទីរពេទ្យ ។

កន្លងទៅ លោក ប៊ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់១ បានប្រាប់អ្នកសារព័ត៌មាន ថា បញ្ហាដែលក្រុមហ៊ុនធានារ៉ាប់រង យកចិញ្ចើមផ្លូវលេខ២៥៧ ធ្វើជាចំណតម៉ូតូ គឺ ដោយសារបានផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួនក្នុង១ឆ្នាំ ទៅមន្ទីរកុមារជាតិ ថែទាំ និង ជួសជុលរបង ។

ចំពោះបញ្ហាសណ្តាប់ធ្នាប់ ជុំវិញ មន្ទីរពេទ្យកុមារជាតិ លោក ជា ពិសី អភិបាលខណ្ឌទួលគោក ហាក់មិនសូវគិតគូពីផលប៉ះពាល់ ដល់ការធ្វើដំណើរប្រចាំថ្ងៃ ការកកស្ទះចរាចរ ហើយ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ ជាងនឡោះទៀត លោកអភិបាលខណ្ឌទួលគោក ហាក់មិនជួយលើកមុខមាត់ អភិបាលក្រុងភ្នំពេញ ក្រោមការដឹកនាំ របស់ ឯកឧត្តម ឃួង ស្រេង ទាល់តែសោះ ឬ មួយចាំទាល់តែពលរដ្ឋ ចូលទៅ ខំមិន ក្នុងផេក របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៀតទើបស្ទុះស្ទារ ?

ពលរដ្ឋ និង អ្នកធ្វើដំណើរ សំណូមពរសាជាថ្មីម្តងទៀត ដល់ ឯកឧត្តម ឃួង ស្រេង អភិបាលក្រុងភ្នំពេញ មេត្តាដាក់កម្លាំងចុះជួយរៀបចំសណ្តាប់ធ្នាប់ ជំនួស លោក ជា ពិសី អភិបាលខណ្ឌទួលគោក ផង ប្រសិន បើអាច មេត្តាជួយ រៀបចំសណ្តាប់ធ្នាប់ តាមបណ្តាផ្លូវនានា ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ជាពិសេស ជុំវិញ មន្ទីរពេទ្យកុមារជាតិ នេះតែម្តង។

គួររំលឹកផងដែរថា ឯកឧត្ដម ឃួង ស្រេង អភិបាលក្រុងភ្នំពេញ ថ្លែងថា ៖ «វាល្មមដល់ពេល ដែលយើងត្រូវរៀបចំសណ្ដាប់ធ្នាប់ នៅក្នុងរាជធានីភ្នំពេញ ពិសេស នៅក្នុងខណ្ឌចំនួន៥ នៅកណ្ដាល រាជធានីភ្នំពេញ ឱ្យមានសណ្ដាប់ធ្នាប់ ល្អប្រសើរហើយ»។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការ ឱ្យអ្នកបើកហាង ឬធ្វើអាជីវកម្មរំលោភចិញ្ចើមផ្លូវ ទាំងអស់រុះរើ ឬប្ដូរទីតាំង មិនដូច្នោះនឹងចាត់វិធានការក្ដៅ ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាព នៅរាជធានីភ្នំពេញ។ នេះជាវិធានការថ្មីមួយទៀត បន្ទាប់ពីវិធានការរំដោះចិញ្ចើមផ្លូវចាស់ អនុវត្ត មិនទទួលបានប្រសិទ្ធភាពនៅឡើយ។

គួររំលឹកផងដែរថា នៅក្នុងកិច្ចប្រជុំ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅ សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ មិថុនា ២០២១ ឯកឧត្ដម ឃួង ស្រេង បានដាក់បទបញ្ជាទៅឱ្យអាជ្ញាធរខណ្ឌ ត្រូវចុះអនុវត្តវិធានការខាងលើជាបន្ទាន់ ដោយចាប់ផ្ដើមចេញពីការជូនដំណឹង។

ជាមួយនឹងវិធានការថ្មីនេះ សាលាក្រុងនឹងទុករយៈពេល ២ខែ ដើម្បីឱ្យពួកគាត់រុះរើ ឬផ្លាស់ប្តូរទីតាំងថ្មីទៅនៅជាយក្រុង បើមិនដូច្នោះនឹងដោះស្រាយតាមផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ។

ឯកឧត្ដម បន្តថា ដូច្នេះ អាជ្ញាធរខណ្ឌ ត្រូវចុះជូនដំណឹង ពិសេសអ្នកលក់ម៉ូតូ និងលក់រថយន្ត ដោយប្រើប្រាស់ ចិញ្ចើមផ្លូវសាធារណៈបែបអនាធិបតេយ្យ ឱ្យប្រញាប់រុះរើយកចូលផ្ទះពួកគាត់វិញ ឬបើគ្មានផ្ទះត្រូវរើទៅជាយក្រុង។

អត្ថបទដែលជាប់ទាក់ទង
Open

Close