ត្បូងឃ្មុំ៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ បានធ្វើការចុះបង្ក្រាបរថយន្តអត់ពន្ធបានចំនួន០៤គ្រឿង នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។
រថយន្តទាំង៤គ្រឿងនោះរួមមាន៖ រថយន្តម៉ាក Lexus 570 ចំនួន ០១ គ្រឿង, រថយន្តម៉ាក Lexus Rx 330 ចំនួន ០២ គ្រឿង និងរថយន្តម៉ាក Lexus Rx 400H ចំនួន០១គ្រឿង ។
មន្ត្រីគយបានឲ្យដឹងថា ទន្ទឹមនឹងសកម្មភាពបង្ក្រាបនេះដែរ ក៏មានម្ចាស់រថយន្ត ម៉ាក Lexus Rx 330 ពណ៌ ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AB-6235 មិនយល់ពីទោសកំហុសរបស់ខ្លួន ដែលពាក់ស្លាកលេខរថយន្ត ក្លែងក្លាយ បន្លំសមត្ថកិច្ច ហើយមានអាកប្បកិរិយាមិនសមរម្យបង្កការរាំងស្ទះ នៅពេលសមត្ថកិច្ចចុះបង្ក្រាប។ មន្ត្រីគយក៏បានបញ្ជូនជននេះទៅតុលាការ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ផងដែរ ។
បច្ចុប្បន្នរថយន្តទាំងអស់ បាននាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងឈរជើងរបស់គយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ពញាក្រែក ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ ទៅតាមនីតិវិធី ៕
ប្រភព៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ