ឯកឧត្តម នេត្រ ភក្ត្រា ស្នើដល់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលស្រុក បញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ

ខេត្តកែប៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន «សូមស្នើដល់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលស្រុក បញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៃដែនសមត្ថកិច្ចរបស់ខ្លួន»។

នេះគឺជាការថ្លែង របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិនៅរដ្ឋបាលខេត្តកែប។

សិក្ខាសាលា មានរយៈពេល២ថ្ងៃ ត្រូវបានរៀបចំឡើងដោយក្រុមមេធាវីក្រសួងបរិស្ថាន ដើម្បីផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិដល់មន្ត្រីនៃស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធដែលមកពីខេត្តកែប និងខេត្តកំពត សរុបប្រមាណ ១៦០នាក់។ ឯកឧត្តមអភិបាលខេត្តកែប និងតំណាងរដ្ឋបាលខេត្តកំពតក៏បានចូលរួមជាអធិបតីនៃពិធីបើកសិក្ខាសាលានេះផង ដែរ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា គ្មានជនណាម្នាក់ មានសិទ្ធិទិញ ឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅតាមបណ្ដាខេត្តនានាបានឡើយ ហើយក្រសួងបរិស្ថានស្នើឱ្យពលរដ្ឋឈប់ចាញ់ បោកមេខ្យល់ ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដី ឬ ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រោះមិនមានការទទួលស្គាល់ឡើយ មិនតែប៉ុណ្ណោះអាចនឹងប្រឈមមុខនឹងវិធានការច្បាប់ថែមទៀតផង។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានឱ្យ ដឹងថាមានក្រុមជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពល រដ្ឋដោយការជួលឱ្យទន្ទ្រានដីឱ្យខ្លួនលក់ក្នុងតម្លៃថោកៗ និងពេលខ្លះប្រើប្រាស់ពលរដ្ឋ ដើម្បីជាខែលក្នុងការតវ៉ាជាមួយអាជ្ញាធរដើម្បីស្នើសុំកាត់ឆ្វៀលដីឱ្យខ្លួនថែមទៀតផង។

ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ក្រុមជនខិលខូច គួរបញ្ឈប់វប្បធម៌ចូលទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ហើយពេលខ្លះប្រើប្រាស់ឯកសារក្លែងក្លាយ ដើម្បីទាមទារកាត់ឆ្វៀលដីមកធ្វើកម្មសិទ្ធិ។ ឯកឧត្តមបានថ្លែងថា មានករណីមិនប្រក្រតីជាច្រើនត្រូវបានរកឃើញ ហើយសមត្ថកិច្ចបាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close