ចម្លែកមែន! សម្លាប់ប្រពន្ធខ្លួនឯង នៅក្នុងខណ្ឌសែនសុខ រត់ទៅសារភាពប្រាប់ ប៉ូលិស ឯខេត្តពោធិ៍សាត់?

ភ្នំពេញ ៖ សង្ស័យម្នាក់ ជាប្តី បានសម្លាប់ប្រពន្ធខ្លួនឯង នៅភ្នំពេញ ហើយរត់ទៅ សារភាព ប្រាប់សមត្ថកិច្ច នៅឯខេត្តពោធិ៍សាត់ បន្សល់ទុកកូនតូចៗ៣នាក់។
យោងតាម របាយការណ៍បឋម របស់សមត្ថកិច្ច បញ្ជាក់ថា កាលពីវេលាម៉ោង៨ និង០០នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលនៅចំណុចបន្ទប់ជួលលេខ៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈសមត្ថកិច្ចខេត្តពោធិ៍សាត់ បានផ្តល់ព័ត៌មាន តាមចំលើយសារភាព របស់ជនសង្ស័យថា បានសម្លាប់ប្រពន្ធ របស់ខ្លួន កាលពីរថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំណុច បន្ទប់ជួលលេខ០៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ មាន ឈ្មោះ រ័ត្ន វិជ្ជា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន អ៊ីនធឺណេត ស្នាក់នៅ ចំណុច កើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មាន ឈ្មោះ ហ៊ាង សុជាតិ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ ម៉ែដោះ (មើលលកូនឱ្យគេ) ស្នាក់នៅជាមួយម្តាយ ឯខណ្ឌទួលគោក ។
សមត្ថកិច្ច បញ្ជាក់ថា តាមការបំភ្លឺរបស់ ម្តាយជនរងគ្រោះ ឈ្មោះ ថៃ គី ភេទស្រី អាយុ៤៨ឆ្នាំ បានបញ្ជាក់ថា កាលពីរថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២២ ជនសង្ស័យ បានទៅសុំម្តាយជនរងគ្រោះយកប្រពន្ធទៅដើរលេង ហើយគាត់ក៏យល់ព្រម ក្រោយមក គាត់មិនបានឃើញកូនគាត់មកផ្ទះវិញទេ គាត់បានព្យាយាមខល ទៅតែទាក់ទងមិនបាន រហូតដល់ថ្ងែទី១៥ ខែមិនា ឆ្នាំ ២០២២ ទើបមាន ប៉ូលីស ខេត្តខាងពោធិ៍សាត់ ខលមកប្រាប់ថា កូនគាត់ ត្រូវបានជនសង្ស័យជាប្តី សំលាប់បាត់ហើយ នៅបន្ទប់ជួល របស់ជនសង្ស័យ។ សមត្ថកិច្ចបញ្ជាក់ថា គឺជនសង្ស័យ ចូលសារភាពនៅ ប៉ុស្ត៍ក្រគរ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពាក់ព័ន្ធករណីខាងលើនេះ គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការសម្លាប់ប្រពន្ធនោះទេ។ សមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បាននិងកំពុងឡើងទៅខេត្តពោធិ៍សាត់ ដើម្បីនាំខ្លួនជនសង្ស័យមកសាកសួរបន្តទៀត ដើម្បីដឹងមូលហេតុកាន់តែច្បាស់លាស់បន្ថែមទៀត ។

តាមការបញ្ជាក់ របស់គ្រូពេទ្យកោសលវិច្ច័យ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានបញ្ចាក់ថា សព ពិត ជាស្លាប់ ដោយសារ ករណីឃាតកម្ម ពិតប្រាកដមែន។ ចំណែក ឯសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានប្រាប់សារព័ត៌មានថា ទាំងជនបង្ក ទាំងជនរងគ្រោះ ជាប្តីប្រពន្ធនឹងគ្នានេះ មានកូនស្រីតូចៗ៣នាក់ ក្នុងបន្ទុកដែលពួកគេ ត្រូវរស់នៅយ៉ាងកណ្តោចកណ្តែង បន្ទាប់ពីមានហេតុការណ៍ ដ៏អាក្រក់នេះកើតឡើង។

អធិការខណ្ឌរូបនេះ បន្តថា បន្តិចទៀត សមត្ថកិច្ច ខេត្តពោធិ៍សាត់ បញ្ជូនខ្លួនជនសង្ស័យជាឃាតករ មកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តនីតិវិធី៕

អង្គភាពសារព័ត៌មានផ្សាយជូនលម្អិតជាបន្តបន្ទាប់ទៀត……….!

អត្ថបទដែលជាប់ទាក់ទង
Open

Close