បាត់ដំបង៖ សមត្ថកិច្ច អោយដឹងថា មានករណីគ្រោះអគ្គិភ័យកើតឡើង ១លើក បណ្តាលអោយឆាបឆេះ ឃ្លាំងឈើ ផលិតតុ កៅអី មួយកន្លែង បង្កការភ្ញាក់ផ្អើល ដល់អាជ្ញាធរក្រុងបាត់ដំបង និងសមត្ថកិច្ចមូលដ្ឋាន ចុះជួយអន្តរាគមន៍។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្រុមទី៩ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ច ប្រាប់អោយដឹងថា ឃ្លាំងឈើផលិតគ្រឿងសង្ហារឹម ដែលត្រូវអគ្គិភ័យឆាបឆេះនោះគឺជាកម្មសិទ្ធិរបស់លោក ពឹង រតនា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតកើតហេតុខាងលើ។
ក្រោយកើតហេតុបន្តិច គេឃើញ កម្លាំងនគរបាលពន្លត់អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង និងបាញ់ទឹកពន្លត់ អស់ចំនួន២ឡាន ទើបអណ្តាតភ្លើងស្ងប់រលត់អស់ទៅវិញ។
សមត្ថកិច្ច បញ្ជាក់អោយដឹងថា សម្ភារៈដែលខាតបង់រួមមាន ៖ ឆេះឃ្លាំង១ខ្នង ទំហំ ២០ X ៣៥ ម៉ែត្រ សង់អំពីដែក ជញ្ជាំងថ្ម ដំបូលប្រកសង្ក័សី ឆេះគ្រឿងចម្លាក់ឈើ មួយចំនួន គិតជាទឹកប្រាក់អស់ប្រហែល៤ ពាន់ដុល្លារ។
ចំពោះមូលហេតុ ដែលបង្ក អោយមានអគ្គិភ័យកើតឡើង សមត្ថកិច្ចកំ ពុងស្រាវជ្រាវនៅឡើយ៕ ដោយ ៖ សុខ កុសល